(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា ការដាក់ទណ្ឌកម្មសិទ្ធិមនុស្សរបស់ សហរដ្ឋអាមេរិកមកលើប្រទេសកូរ៉េខាងជើង គឺ «ជាការប្រកាសសង្គ្រាម» សុទ្ធសាធ។ នេះបើតាមសារព័ត៌មាន អាមេរិក US TODAY ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០១៦។

តាមការផ្សាយរបស់ Reuters ឲ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយទេក្នុងឆ្នាំ ២០១៦នេះ ដែលប្រទេស កូរ៉េខាងជើង បានគំរាមថាទង្វើអាមេរិក ឬអន្តរជាតិមកលើទីក្រុងព្យុងយ៉ាង ជាការបញ្ឆេះសង្គ្រាមនោះ ហើយបើតាមដឹង នេះជាការគំរាមលើកទីបួនហើយ ចាប់តាំងពីប្រទេសនេះបានព្យាយាមធ្វើតេស្តគ្រាប់មីស៊ីល និង អាវុធប្រល័យ ដែលជាការផ្គើនម្តងហើយម្តងទៀត ចំពោះច្បាប់ហាមឃាត់ចេញដោយអន្តរជាតិ។

គួរបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងជើងមានការខឹងសម្បារយ៉ាងខ្លាំង ទៅនឹងការសម្រេចរបស់ក្រសួងការបរទេសអាមេរិក ដែលជាលើកទីមួយហើយបានហៅមេដឹកនាំកំពូល គីម ជុងអ៊ុន ថាជាអ្នករំលោភសិទ្ធិមនុស្សនៅក្នុងប្រទេស កុម្មុយនិស្តមួយនេះ។ មិនមែនតែលោក គីម ម្នាក់ទេដែលជាមុខព្រួញនៃការដាក់ទណ្ឌកម្មនោះ ដែលសូម្បីតែថ្នាក់ដឹកនាំ កំពូលៗក្នុងរដ្ឋាភិបាលកូរ៉េខាងជើង ក៏ត្រូវបានកត់ចូលក្នុងបញ្ជីខ្មៅរបស់អាមេរិកផងដែរ៕