(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃតី២៨ ខែមីនា ឆ្នាំ២០២៣ គណៈប្រតិភូវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ទ្រិញ វៀតថាញ់ ប្រធានយោធាខេត្តខាញ់ហ័រ បានដឹកនាំគណៈប្រតិភូលចូលជួសំបណេះសំណាល និងជូនពរលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំខេត្ត រួមទាំងប្រជាពលរដ្ឋខេត្តស្ទឹងត្រែងទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខ។

នាឱកាសនោះដែរ ប្រធានយោធាខេត្តខាញ់ហ័រ បានថ្លែងនូវការជូនពរពិធីចូលឆ្នាំថ្មីសូមឱ្យលោកអភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្តទាំងអស់ មានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃសម្រេចបានភារកិច្ចថ្មីៗថែមទៀត ពិសេសសូមឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម និយាយជារួម និងដោយឡែកសម្រាប់ខេត្តខាញ់ហ័រ និងខេត្តស្ទឹងត្រែង ឱ្យមានភាពរីកចម្រើន និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។

លោកវរសេនីយ៍ឯក បានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាមនិងមិនអាចកាត់ថ្លៃបាន ជាពិសេសកិច្ចសហប្រតិបត្តិការល្អរវាងខេត្តស្ទឹងត្រែងនិងខេត្តខាញ់ហ័រកន្លងមកដែលតែងតែជួយជ្រោមជ្រែងគ្នាទៅវិញមកលើកិច្ចសហប្រតិបត្តិនានា និងសកម្មភាពមនុស្សធម៍ជាដើម។

លោក ស្វាយ សំអ៊ាង បានថ្លែងអំណរគុណដល់គណៈប្រតិភូយោធាខេត្តខាញ់ហ័រ និងមិត្តវៀតណាម ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន តែងបានជួយដល់ពលរដ្ឋក្នុងខេត្តស្ទឹងត្រែង សកម្មភាពមនុស្សធម៌ ដូចជាការពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងដោយឥតគិតថ្លៃ។

លោកអភិបាលខេត្តបានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង (កម្ពុជា) និងខេត្តខាញ់ហ័រ (វៀតណាម) នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ដែលបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងក្នុងនាមប្រទេសជិតខាងល្អ មានចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ជួយគ្នាគ្រប់គ្រាលំបាក និងឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក៕