(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរជាថ្មីក្នុងលក្ខខណ្ឌផ្ទាល់ខ្លួន ដោយស្ម័គ្រចិត្តជាមនុស្សធម៌ ជួយរាល់ចាស់ជរាចាប់ពីវ័យ៨៩ឆ្នាំ ដែលបាននិងកំពុងប្រកបរបរចិញ្ជឹមជីវិតដោយកម្លាំងកាយផ្ទាល់ (ធាក់ស៊ីក្លូ) ជាអចិន្រ្តៃយ៍ នេះបើយោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងប្រាប់ Fresh News នៅមុននេះបន្តិច។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្រ្តី​ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ។

សូមជំរាបថា នៅព្រឹកថ្ងៃទី០១ ខែកក្កដាកន្លងទៅ សម្តេចតេជោ ហ៊ុន​ សែន បានអនុញ្ញាតឲ្យលោកតាអាយុ៨៩ម្នាក់ ដែលប្រកបមុខរបរ ជាអ្នករត់ស៊ីក្លូ នៅរាជធានីភ្នំពេញ ដែលមានជីវភាពខ្វះខាត ចូលជួបសំណេះសំណាល ដោយសម្រេចរាប់គ្នាជាឪពុក និងកូនធម៌ រួមទាំងចិញ្ចឹមលោកតាពេញមួយជិវិត។

លោកតាអាយុ៨៩ឆ្នាំខាងលើ រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានកូនចំនួន៨នាក់ ដោយមកទីក្រុងភ្នំពេញ ជួលស៊ីក្លូគេរត់ក្នុងមួយថ្ងៃ ៤ពាន់រៀល រកបានចំណូលបន្តិចបន្តួច។

ក្នុងឱកាសជួបសំណេះសំណាលនោះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសុំការអនុញ្ញាតលោកតាធ្វើជាឪពុកធម៌ ហើយនៅពេលនោះ សម្តេចតេជោ និងលោកតា ក៏បានស្រុះស្រួលគ្នាសម្រេចទទួលគ្នា ជាកូននិងឪពុកធម៌ចាប់ពីថ្ងៃនេះតទៅ។ ជាពិសេសជាងនេះទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធានាចិញ្ចឹមលោកតាពេញមួយជីវិត​ និងផ្តល់ផ្ទះទេវតា ជូនលោកតា១ខ្នងផងដែរ៕