(ភ្នំពេញ)៖ អគារតេជោ អភិវឌ្ឍន៍នៃមន្ទីរពេទ្យកាល់ម៉ែត បច្ចុប្បន្ននេះកំពុងពន្លឿនដំណើរការសាងសង់ និងបំពាក់ឧបករណ៍បរិក្ខារពេទ្យទំនើបៗ ដែលនាំចូលមកពីបរទេស ហើយគ្រោងបញ្ចប់ដំណើរសាងសង់ឆាប់ៗនេះ។ អគារនេះ ក៏នឹងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលខាងមុខនេះផងដែរ។

ដើម្បីពន្លឿនដំណើការសាងសង់នេះ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យដំណើរការសាងសង់អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ ដើម្បីធ្វើយ៉ាងណា ដើម្បីបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានឱ្យដឹងថា ដោយគោរពទៅតាមការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធ្វើឱ្យមន្ទីរពេទ្យកាល់ម៉ែត ឱ្យកាន់តែទំនើបខ្ពស់ និងជាមូលដ្ឋានដើម្បីព្យាបាលជំងឺ ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិដ្ឋភាពខ្ពស់ ជាពិសេសកាត់បន្ថយកុំឱ្យប្រជាពលរដ្ឋចេញទៅព្យាបាលនៅបរទេស។

លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង បានបន្តថា សម្រាប់អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ គឺមិនមែនសាងសង់ឡើងគ្រាន់តែរៀបចំហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្តែអគារនេះត្រូវបំពាក់ទៅដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលនាំចូលមកពីប្រទេសអាលឺម៉ង់ និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបនឹងតម្រូវការ ក៏ដូចជាក្តីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា លើសេវាសុខភាពសាធារណៈស្របតាមសកលភាវូបនីយកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមានគម្រោងនៅចុងខែ៥ (ខែឧសភា) ដើម្បីអញ្ជើញសម្តេចតេជោ ហ៊ុន សែន លោកអញ្ជើញមកសម្ពោធនៅចុងខែ៥ គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងម៉េចចង់ឱ្យស្រុកយើងនេះអាចព្យាបាលជំងឺបានកម្រិតខ្ពស់នៅក្នុងស្រុកចៀសវាងទៅស្រុកគេ លើកលែងតែករណីណាយើងធ្វើមិនបាន»។

អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត មានបន្ទប់វះកាត់ចំនួន១០ គឺបំពាក់ទៅដោយឧបរកណ៍វេជ្ជសាស្ត្រទំនើបៗ ចុងក្រោយគេ។ ស្ថាបត្យកម្មសំណង់ដ៏ធំស្កឹមស្កៃនេះ បានសាងសង់ឡើងស្របតាមបច្ចេកទេស វិស្វកម្មសំណង់ស្តង់ដារលំដាប់ខ្ពស់ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយមានលក្ខណៈប្រទាក់ក្រឡាគ្នា មានគុណភាព និងភាពរឹងមាំយូរអង្វែង សមស្របនឹងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗកម្រិតខ្ពស់ចុងក្រោយ សម្ភារប្រើប្រាស់ម៉ាកល្បីៗ ជាមួយនឹងក្រុមវេជ្ជបណ្ឌិតជំនាញៗគ្រប់ឯកទេស។

គួររម្លឹកថា អគារតេជោអភិវឌ្ឍន៍ ដែលជាមជ្ឈមណ្ឌលពហុឯកទេស ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីដើមខែមីនា ឆ្នាំ២០១៨។ អគារទំនើបថ្មីមួយបន្ថែមទៀតនេះ មាន៤៦៥គ្រែ ដោយនឹងបំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខ ដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រ សំខាន់ៗទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្ម ពហុឯកទេសទំនើប។ ខណៈនៅជាន់ខាងលើនៃអគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ គឺមានកន្លែងចុះចតឧទ្ធម្ភាគចក្រផងដែរ៕