(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ជាមូលដ្ឋានដល់អ្នកសារព័ត៌មាន ក្នុងការសរសេរអត្ថបទព័ត៌មានទាក់ទងនឹងវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ឱ្យបានស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ សមាគមធនាគារនៅកម្ពុជា(ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធានារ៉ាប់រងកម្ពុជា (IAC) ដោយសហការជាមួយ ក្លឹបអ្នកកាសែតកម្ពុជា (CCJ) បានរៀបចំបើកវគ្គបណ្តុះបណ្តាលជាផ្លូវការ ដើម្បីពង្រឹងចំណេះដឹងជាមូលដ្ឋានគ្រឹះ លើវិស័យធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រងជូនដល់អ្នកសារព័ត៌មានប្រមាណ ៨០នាក់។

វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានបែងចែងជាពីរវគ្គ។ វគ្គទី១ គឺសម្រាប់អ្នកសរសេរអត្ថបទព័ត៌មានប្រមាណ ៥៨នាក់ និងវគ្គទី២ គឺសម្រាប់ការីនិពន្ធប្រមាណ ២០នាក់ ដែលពួកគាត់ទាំងអស់មកពី៤០ ស្ថាប័នក្នុងស្រុក និងអន្តរជាតិផ្សេងៗគ្នា។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើង គឺដើម្បីរួមចំណែកក្នុងការ កសាងភាពធន់ ភាពរឹងមាំនៃវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង តាមរយៈការផ្តល់នូវចំណេះដឹងជាមូលដ្ឋានគ្រឹះបន្ថែម ទាក់ទងនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យធានារ៉ាប់រង ជូនដល់អ្នកសារព័ត៌មាននៅកម្ពុជា និងការកសាងបណ្តាញ និងរក្សាទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន និងធនាគារិក ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាផងដែរ។

វគ្គបណ្តុះបណ្តាលនេះ ចាប់ផ្តើមពីចុងខែមីនា រហូតដល់ខែឧសភា ឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលរយៈពេលខ្លីនេះ នឹងផ្តោតជាចម្បងលើមូលដ្ឋានគ្រឹះនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង។ មាតិកាសំខាន់ៗ គ្របដណ្តប់លើ តួនាទីរបស់និយ័តករហិរញ្ញវត្ថុ និងសមាគម បទប្បបញ្ញត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង វិន័យទីផ្សារ ប្រតិបត្តិការទីផ្សារនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កិច្ចការពារអតិថិជន ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ តួនាទីរបស់ប្រព័ន្ធចែករំលែកឥណទាន ក្នុងការគាំទ្រវិស័យហិរញ្ញវត្ថុ និងអ្នកប្រើប្រាស់កម្ចី បច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់ និងការណែនាំស្តីពីបរិស្ថាន សង្គម និងអភិបាលកិច្ច។

ថ្លែងក្នុងពិធីវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មាន ស្តីពីវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)បានថ្លែងថា សារព័ត៌មានគឺជាប្រភពមួយដែលចូលរួមផ្តល់នូវចំណេះដឹង និងជំនាញ ដល់ប្រជាពលរដ្ឋក្នុងការក្រេបយកចំណេះដឹងដើម្បីការអភិវឌ្ឍខ្លួន។ ទន្ទឹមនឹងនេះ បើក្រឡេកមកមើលពីតួនាទីនៃសារព័ត៌មានក្នុងវិស័យហិរញ្ញវត្ថុវិញ នោះរឹតតែមានសារៈសំខាន់មិនអាចកាត់ផ្តាច់បាន ព្រោះសារព័ត៌មានគឺជាយន្តការ និងជាច្រកដ៏សំខាន់សម្រាប់វិស័យហិរញ្ញវត្ថុ ក្នុងការបញ្ជូនសារអប់រំ និងផ្សព្វផ្សាយអំពីការយល់ដឹងលើវិស័យហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក្នុងគោលដៅធានាឱ្យបាននូវស្ថិរភាព និងនិរន្តរភាពរបស់វិស័យ ក៏ដូចជាការកសាងទំនុកចិត្តក្នុងចំណោមសាធារណៈជនផងដែរ។

លោកបន្ថែមថា «កន្លងមកយើងឃើញថា ទំនាក់ទំនងរវាងវិស័យទាំងពីរភាគច្រើនស្ថិតក្នុងទម្រង់ជាការផ្សព្វផ្សាយពាណិជ្ជកម្ម ខណៈដែលទំនាក់ទំនងលើផ្នែកនិពន្ធ (Editorial) ហាក់នៅមានកម្រិត។ អ្នកសារព័ត៌មានមួយចំនួនបានលើកឡើងអំពីការលំបាកក្នុងការស្វែងរកប្រភពព័ត៌មាន ឬអ្នកសម្ភាសក្នុងវិស័យហិរញ្ញវត្ថុ។ ផ្ទុយទៅវិញ អ្នកធ្វើការក្នុងវិស័យហិរញ្ញវត្ថុ ហាក់មានភាពស្ទាក់ស្ទើរក្នុងការទាក់ទងដោយផ្ទាល់ជាមួយផ្នែកនិពន្ធ ឬអ្នកសារព័ត៌មានដោយយល់ឃើញថា ព័ត៌មានទាក់ទងនឹងវិស័យហិរញ្ញវត្ថុត្រូវការចាំបាច់នូវការសិក្សា និងយល់ដឹងស៊ីជម្រៅដើម្បីអាចផលិតជាមាតិកាព័ត៌មានដែលមានសុក្រឹតភាព»

លោកបន្តថា បញ្ហាប្រឈមទាំងនេះ បានធ្វើឱ្យការផលិតមាតិការព័ត៌មានលើវិស័យហិរញ្ញវត្ថុហាក់នៅមានកម្រិត ហើយការទទួលបានព័ត៌មាន និងចំណេះដឹងលើផ្នែកហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជា ក៏នៅមិនទាន់បានទូលំទូលាយនៅឡើយ។

សូមបញ្ជាក់ថា នេះជាលើកទីពីរ ដែលសមាគមទាំងបី និងក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលនេះ ក្រោយពីទទួលបានលទ្ធផលល្អក្នុងឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលក្នុងឆ្នាំ២០២៣ នឹងត្រូវបែងចែកជាពីរវគ្គផ្សេងគ្នា ដោយមួយវគ្គសម្រាប់អ្នកសារព័ត៌មានទូទៅ និងមួយវគ្គទៀតសម្រាប់ការីនិពន្ធ។ វាគ្មិនជំនាញៗ មកពីនិយតករ សមាគមវិជ្ជាជីវៈ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ វិនិយោគិន និងអ្នកពាក់ព័ន្ធ នឹងចូលរួមធ្វើបទបង្ហាញ ចែករំលែកទិន្នន័យ និងឆ្លើយសំណួរពាក់ព័ន្ធ ដែលនឹងក្លាយជាប្រភពព័ត៌មានល្អៗ សម្រាប់ការផលិតមាតិការព័ត៌មាន។

ក្រោយបញ្ចប់វគ្គសិក្សានៅក្នុងថ្នាក់ សិក្ខាកាមទាំងពីរក្រុម នឹងត្រូវចុះទស្សនកិច្ចសិក្សាទៅតាមបណ្តាលខេត្ត ដើម្បីស្វែងយល់ជាក់ស្តែងនូវការប្រើប្រាស់សេវាហិរញ្ញវត្ថុនៅតាមសហគមន៍ផងដែរ។ ក្រៅពីការបណ្តុះបណ្តាលពង្រឹងចំណេះដឹងមូលដ្ឋានគ្រឹះសម្រាប់អ្នកសារព័ត៌មាន សមាគមទាំងបី នឹងបង្កើតនូវកម្មវិធីមួយចំនួន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងធនាគារិក និងធានារ៉ាប់រងផងដែរ៕