លោក ហ៊ុន ម៉ានី ចាត់តំណាងចូលរួមវេទិកាថ្នាក់ដឹកនាំយុវជនអាស៊ី នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន. បានអញ្ជើញដឹកនាំប្រតិភូចូលរួមក្នុងវេទិកាថ្នាក់ដឹកនាំយុវជនអាស៊ីដែលរៀបចំឡើងនៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៣ ដែលមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងរដ្ឋាភិបាលចិន ប្រទេសអាស៊ី អ្នកដឹកនាំវ័យក្មេងគ្រប់វិស័យនៅអាស៊ី និងអ្នកចូលរួមសរុបប្រមាណ៥០០នាក់។

វេទិកានេះត្រូវបានរៀបចំឡើងដោយសមាគមការទូតសាធារណៈចិន (CPDA) មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) រដ្ឋបាលទីក្រុងក្វាងចូវ និងសមាគមថ្នាក់ដឹកនាំយុវជនអាស៊ី ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរ និងសហប្រតិបត្តិការរវាងយុវជននៅអាស៊ី។

នាឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងសុន្ទរកថា តាមរយៈខ្សែវីដេអូ ដោយបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់យុវជនកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍គ្រប់វិស័យ ជាពិសេសតាមរយៈបេសកម្មសប្បុរធម៌ វប្បធម៌ និងសង្គម ដើម្បីបុព្វហេតុរួម នៃជាតិ និងប្រជាជន ក៏ដូចជាការសហការជាមួយនឹងយុវជនចិន និងយុវជនពីបណ្តាប្រទេសអាស៊ី ក្នុងគោលបំណងរក្សាការពារសន្តិភាព និងជំរុញការអភិវឌ្ឍ ដោយឈរលើស្មារតីរួមគ្នាដើម្បីពង្រីកចំណងមិត្តភាព ទំនុកចិត្ត សាមគ្តីភាព ភាតរភាព ការគាំទ្រ និងជួយគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា ក្នុងពិធីបិទនៃវេទិកា លោក សុខ សូកេន បានថ្លែងសុន្ទកថា និងបានបញ្ជាក់បន្ថែមអំពីឆន្ទៈរបស់ ស.ស.យ.ក. ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ក្នុងការសហការជាមួយយុវជននៅអាស៊ី ដើម្បីសម្រេចបាននូវផលប្រយោជន៍រួម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក្នុងតំបន់៕