(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានផ្សព្វផ្សាយណែនាំដល់ម្ចាស់-តំណាងរោងចក្រ សហគ្រាសត្រូវពង្រឹងវិធានការបង្ការអគ្គិភ័យឱ្យបានហ្មត់ចត់បំផុត ដើម្បីបង្កើនការការពារសុវត្ថិភាព និងលើកស្ទួយសុខភាពរបស់កម្មករនិយោជិត ពិសេសក្នុងរដូវក្ដៅនេះ។

ការណែនាំនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយមូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារដល់ក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំរោងចក្រ សហគ្រាស ដែលរៀបចំឡើងដោយនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ សិក្ខាសាលានេះក៏មានការចូលរួមគាំទ្រពីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មនៅកម្ពុជា និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការអន្តរជាតិខាងការងារ ដែលមានអ្នកចូលរួមប្រមាណ៣០០នាក់។

លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាតំណាងលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការជ្រើសយកប្រធានបទនៃសិក្ខាសាលានេះបានឆ្លុះបញ្ជាំងអំពីតម្រូវការចាំបាច់ និងការពិនិត្យមើលឡើងវិញនូវវិធានការណ៍ដែលរោងចក្រ សហគ្រាសបានអនុវត្តកន្លងមក ដោយបំពេញចំណុចខ្វះខាត ដើម្បីបង្ការគ្រោះថ្នាក់ដោយអគ្គីភ័យ អគ្គីសនី និងការងារក្តៅ​ ដែលវាអាចបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិ និងដំណើរការអាជីវកម្ម ប្រសិនបើមានការធ្វេសប្រហែស ដោយសារសកម្មភាពរបស់មនុស្ស និងស្ថានភាពនៅកន្លែងធ្វើការដែលមិនមានសុវត្ថិភាព។

លោករដ្ឋលេខាធិការគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវការកសាងវប្បធម៌នៃការបង្ការសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការជាទស្សនវិស័យដ៏វែងឆ្ងាយ ដែលទាមទារការចូលរួមយ៉ាងសកម្មភាព និងការបេ្តជ្ញាចិត្តរបស់គ្រប់ភាគីទាំងអស់ រួមមាន រាជរដ្ឋាភិបាល អង្គការនិយោជក អង្គការកម្មករនិយោជិត អ្នកជំនាញផ្នែកសុវត្ថិភាព និងសុខភាពការងារ ដើម្បីប្រែក្លាយការបង្ការសុវត្ថិភាព និងសុខភាពការងារទៅជាវប្បធម៌នៅកន្លែងធ្វើការ និងការរស់នៅប្រចាំថ្ងៃ។

ដើម្បីបង្ការអគ្គីភ័យកើតឡើងនៅកន្លែងធ្វើការ លោករដ្ឋលេខាធិការបានណែនាំទៅដល់ម្ចាស់រោងចក្រ សហគ្រាស ត្រូវយកចិត្តទុកដាក់ដូចខាងក្រោម៖

១. ត្រួតពិនិត្យនិងធ្វើតេស្តសាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍ បំពង់ពន្លត់អគ្គិប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្តឹងប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។

២. ត្រួតពិនិត្យច្រកអាសន្នដែលអាចចេញដោយសុវត្ថិភាព គ្មានឧបសគ្គ និងមិនចាក់សោរ ព្រមទាំងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។

៣. រៀបចំឱ្យមានការឆ្លើយតបនៅពេលមានអាសន្ន ជាពិសេសចំពោះសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់សារធាតុងាយឆាបឆេះ និងរក្សាទុកដាក់សារធាតុទាំងនោះ ឱ្យនៅដាច់ដោយឡែក។

៤. បង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ដែលជាមូលហេតុឱ្យមានអគ្គិភ័យកើតឡើងជាយថាហេតុនៅកន្លែងធ្វើការ។

លោក ឡេង តុង ទីប្រឹក្សាអមប្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ បានឱ្យដឹងថា គ្រោះថ្នាក់អគ្គិភ័យអាចក្លាយមហន្តរាយធ្ងន់ធ្ងរដល់និយោជក និងកម្មករនិយោជិត ប្រសិនបើយើងមិនមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងមានវិធានការបង្ការច្បាស់លាស់ទុកជាមុន។ បញ្ហានេះវាផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរ «ផលប៉ះពាល់ Domino» នៅពេលអគ្គិភ័យបង្កឱ្យមានការផ្ទុះ និងដួលរលំអគារកើតឡើងដែលបណ្តាលឱ្យក្លាយជាសោកនាកម្មកើតឡើង។ អគ្គិភ័យបានធ្វើឱ្យមានផ្សែង និងឧស្ម័នពុលដែលបង្កមានគ្រោះថ្នាក់ដល់មនុស្សនៅពេលស្រូបចូល ព្រមទាំងបាត់បង់ស្មារតី និងមិនអាចជម្លៀសខ្លួនចេញពីអគារឱ្យបានទាន់ពេលវេលាដែលនេះវាក្លាយជាសោកនាកម្មធ្ងន់ធ្ងរ៕