(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើទៅកាន់ប្រទេសម៉ាឡេស៉ី តាមរយៈលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៉ីប្រាហ៉ីម ឱ្យបង្កើនការទិញអង្ករ គ្រាប់ស្វាយចន្ទី ក៏ដូចជាកសិផលផ្សេងទៀតពីប្រទេសកម្ពុជា ហើយកម្ពុជាក៏នឹងជំរុញបង្កើនការនាំចេញទៅប្រទេសម៉ាឡេស៊ីបន្ថែមទៀតឱ្យបានច្រើនឡើង។

ការស្នើបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ព្រមទាំងពិធីចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នារវាងភាគីទាំងពីរ នៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរផងដែរ ដោយសម្ដេចតេជោបានស្នើទៅកាន់ភាគីម៉ាឡេស៊ីឱ្យបង្កើនការទិញអង្ករ ក៏ដូចជាកសិផលផ្សេងទៀតពីប្រទេសកម្ពុជាបន្ថែមឱ្យបានច្រើនឡើង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យម៉ាឡេស៉ីបង្កើនក្រុមហ៊ុនប្រមូលទិញ និងកែច្នៃកសិផលនៅកម្ពុជាសម្រាប់លក់នៅលើទីផ្សារកម្ពុជា និងនាំចេញទៅប្រទេសម៉ាឡេស៉ី និងទីផ្សារផ្សេងទៀត តាមការដឹកជញ្ជូនផ្លូវសមុទ្រត្រង់ពីកំពង់ផែព្រះសីហនុទៅកាន់កំពង់ផែរដ្ឋប៉េណាំង និងរដ្ឋប៉េហាំងជាដើម។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំក៏បានស្នើឱ្យម៉ាឡេស៉ីបង្កើនការទិញអង្ករ និងកសិផលនៅកម្ពុជា តាមរយៈការបង្កើនក្រុមហ៊ុនប្រមូលទិញ និងកែច្នៃនៅកម្ពុជាសម្រាប់លក់នៅលើទីផ្សារកម្ពុជា និងនាំចេញទៅប្រទេសម៉ាឡេស៉ី និងទីផ្សារផ្សេងទៀតតាមផ្លូវដឹកជញ្ជូនត្រង់ពីព្រះសីហនុទៅកាន់រដ្ឋប៉េណាំង រដ្ឋប៉េហាំងជាដើម»

សម្ដេចតេជោ ហ៊ុន សែន ថែមទាំងបានស្នើភាគីម៉ាឡេស៉ីបង្កើននូវការទិញទំនិញពីកម្ពុជា និងបានលើកទឹកចិត្តឱ្យវិនិយោគិន ក្រុមហ៊ុនម៉ាឡេស៉ីមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យបានច្រើន។

គួរជម្រាបថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៉ីសម្រេចបាន៦២០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ កើនឡើង ២៤% ធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបានត្រឹមតែ៥០០លានដុល្លារអាមេរិក៕