(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាបាល បានស្នើសុំឱ្យដៃគូអភិវឌ្ឍន៍នានា ពិនិត្យលទ្ធភាពបន្ថែមជួយក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍ និងដំណើរការមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលជាមន្ទីរពេទ្យជាតិឯកទេសផ្នែកជំងឺមហារីក ឱ្យមានសមត្ថភាពបច្ចេកទេសខ្ពស់ដូចបណ្តាប្រទេសជឿនលឿននានា។

ការស្នើនេះធ្វើឡើង ក្នុងឱកាសលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានទទួលជួបគណៈប្រតិភូដឹកនាំដោយលោកវេជ្ជបណ្ឌិត Dr Igor Veljkovikj ប្រធានក្រុមការងារវាយតម្លៃរួមគ្នារបស់ WHO-IAEA-IARC ឆ្នាំ២០២៣ លើសមត្ថភាព និងតម្រូវការនៃការគ្រប់គ្រងជំងឺមហារីកនៅកម្ពុជា ដែលប្រព្រឹត្ដទៅនៅទីស្តីការក្រសួងសុខាភិបាល។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណជូន ចំពោះគណៈប្រតិភូដែលបានឆ្លើយតបវិជ្ជមានតាមការអញ្ជើញរបស់ក្រសួងសុខាភិបាល ដើម្បីសិក្សាអំពីសមត្ថភាព និងតម្រូវការនៃការគ្រប់គ្រងជំងឺមហារីកនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ ស្របពេលដែលវិស័យសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះសេវាសុខាភិបាលផ្នែកបង្ការ និងព្យាបាលជំងឺមហារីក ដែលកំពុងតែមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ។

គួររំលឹកផងដែរថា ក្រុមការងារបច្ចេកទេសរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ធ្លាប់បានអញ្ជើញមកធ្វើការសិក្សាវាយតម្លៃអំពីសមត្ថភាព និងតម្រូវការនៃការគ្រប់គ្រងជំងឺមហារីកនៅកម្ពុជាម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០១៣ ហើយបានជួយកម្ពុជា ពង្រឹងសមត្ថភាពកាន់តែប្រសើរឡើងក្នុងការព្យាបាលជំងឺមហារីក និងនុយក្លេអ៊ែរផ្នែកវេជ្ជសាស្ត្រ ព្រមទាំងបានបង្កើតមជ្ឈមណ្ឌលជាតិជំងឺមហារីក ដែលត្រូវបានសម្ពោធកាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅ នៅមន្ទីរពេទ្យកាល់ម៉ែត។

ទស្សនកិច្ចសិក្សានាពេលនេះ នឹងបើកឱកាសឱ្យកម្ពុជា ពិនិត្យអំពីសមត្ថភាពនិងតម្រូវការចាំបាច់របស់ខ្លួន ដើម្បីពង្រឹង និងពង្រីកសមត្ថភាពស្រាវជ្រាវ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកជូនប្រជាជន ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមការចង្អុលបង្ហាញ និងដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕