(ពោធិ៍សាត់)៖ នៅក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ គស.២០២៣ដែលនឹងខិតជិតមកដល់នាពេលខាងមុខ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ ស្រុកកណ្តៀង និងជាប្រធានកិត្តិយស គណៈកម្មការអតីតសិស្ស វិទ្យាល័យពោធិ៍សាត់ ក្នុងឆ្នាំ១៩៨៧-១៩៩០ បានដឹកនាំអតីតសិស្ស ទាំងសិស្សច្បង និងសិស្សប្អូនជិត៤០០នាក់ រៀបចំពិធីសំណេះសំណាល និងទទួលទានអាហាសាមគ្គី ដើម្បីបង្ហាញនូវទឹកចិត្តស្រឡាញ់ និងគោរពដឹងគុណ ជូនចំពោះលោកគ្រូ អ្នកគ្រូ ដែលបានផ្តល់ចំណេះដឹង និងកំពុងរស់នៅសព្វថ្ងៃ ចំនួន៤៥នាក់ នារាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាល័យពោធិ៍សាត់។

ពិធីនេះបានការចូលរួមពី អតីតសិស្សវិទ្យាល័យពោធិ៍សាត់ គឺលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក ភួ ពុយ អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជីវករ និងសេវាករជាច្រើននាក់ទៀត។

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ ស្រុកកណ្តៀង និងជាប្រធានកិត្តិយស គណៈកម្មការអតីតសិស្ស វិទ្យាល័យពោធិ៍សាត់ ក្នុងឆ្នាំ១៩៨៧-១៩៩០ តំណាងឱ្យអតីតសិស្សជិត៤០០នាក់ បានថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ដែលរស់នៅសព្វថ្ងៃ មានចំនួន៤៥នាក់ ដោយបានបញ្ជាក់ថា យើងទាំងអស់គ្នាពិតជាមានមោទនភាពខ្លាំងណាស់ នៅពេលដែលកសិកម្ម ឧស្សាហកម្ម ទេសចរណ៍… នៅក្នុងខេត្ត មានការរីកចម្រើនក្លាំងមកដល់ពេលនេះ។ ពិតហើយខេត្តពោធិ៍សាត់ ដោយមានការគាំទ្រពីសម្តេចតេជោ ប្រមុខដឹកនាំប្រទេស ខ្ញុំរួមជាមួយលោក ខូយ រីដា និងថ្នាក់ដឹកនាំដ៏ទៃទៀត បានធ្វើសកម្មភាពច្រើន ដើម្បីជួយជ្រោមជ្រែង និងយកអាសារអ្នកខេត្តពោធិ៍សាត់របស់យើង។ ទាំងនេះដោយសារគុណបំណាច់ដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន របស់លោកគ្រូ អ្នកគ្រូ ដែលបានផ្តល់នូវចំណេះដឹង និងសាងអនុស្សាវរីយ៍ដ៏ល្អជាច្រើន, ទោះបីលោកគ្រូ អ្នកគ្រូខ្លះ នៅមានជីវិត និងមួយចំនួនទៀត បានលាចាកលោកយើងនេះក៏ដោយ ក៏យើងខ្ញុំទាំងអស់គ្នា នៅតែគោរពដឹងគុណជានិច្ច មិនអាចបំភ្លេចបានឡើយ។

យើងខ្ញុំនៅចង់ចាំ នៅទីនេះនៅជុំវិញខ្លួនយើង ថ្វីត្បិតតែមានការកែប្រែអគារមួយចំនួនក៏ដោយ ទីនេះក៏នៅជាស្នាមដានជើងរបស់លោកគ្រូ អ្នកគ្រូ ដែលជាអ្នកមានគុណ ប្រៀបបានដូចជាមាតា បិតា ដែលបានប្រដៅ និងផ្តល់នូវចំណេះដឹង ដូចនេះក្នុងនាមអតីតសិស្សវិទ្យាល័យពោធិ៍សាត់ ទាំងក្នុង និងក្រៅប្រទេស ខ្ញុំសូមគោរពជូនពរមហាប្រសើរ រួចផុតទុក្ខ រីករាយ មានសុខភាពល្អ សម្រាប់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ក៏ដូចជាអតីតសិស្សនាពេលនេះ ក៏ដូចទៅថ្ងៃអនាគត។

លោកគ្រូ អ៊ុំ ប៊ុនថន ដែលកំពុងរស់នៅCalifornia USA ក៏បានផ្ញើលិខិតជូនពរ ដល់លោកគ្រូ អ្នកគ្រូ ដែលជាមិត្តរួមជំនាន់ និងអតីតសិស្សវិទ្យាល័យពោធិ៍សាត់ទាំងអស់ ដោយបានលើកឡើងថា ខ្ញុំមានចិត្តរំភើបរីករាយឥតឧបមា តែដោយសារសុខភាពមិនទាន់ល្អប្រសើរ ខ្ញុំសូមអភ័យទោស ដោយមិនបានចូលរួម។ ខ្ញុំពុំមានអ្វីណែនាំ ឬរៀបរាប់ ក្រៅពីការសរសើរដោយស្មោះ ដោយឃើញថា កូនប្រុសស្រី ក្រោយពីទទួលការអប់រំ រៀនសូត្រពីវិទ្យាល័យ បានក្លាយជាកូនល្អ ឳពុកម្តាយល្អ ហើយក៏ជាពលរដ្ឋល្អ ព្រមទាំងមានកូនខ្លះកំពុងមានភារកិច្ច ចូលរួមក្នុងថ្នាក់ដឹកនាំប្រទេសជាតិទៀតផង។ ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ ឱ្យប្រទានពុទ្ធពរ៥ប្រការ ជូនកូនគ្រប់គ្នា និងលោកគ្រូ អ្នកគ្រូទាំងអស់ កុំបីអាក់ខាន និងសូមឱ្យទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី បារមីវត្តបាកាន លោកតាឃ្លាំងមឿង និងវត្ថុសក្តិសិទ្ធិទាំងអស់ ជួយរក្សា ការពារ ផ្តល់ក្តីរុងរឿង សុខសាន្ត សម្បូរសប្បាយដល់ប្រជាជនកម្ពុជា ពិសេសប្រជាជនខេត្តពោធិ៍សាត់ កុំបីអាក់ខានឡើយ។

នៅក្នុងពិធីសំណេះសំណាល និងទទួលទានអាហាសាមគ្គីមួយពេល ជូនលោកគ្រូ អ្នកគ្រូ និងអតីតសិស្សនោះ គណៈកម្មការរៀបចំពិធី ក៏បានជូនវត្ថុអនុស្សារីយ៍ ជូនដល់លោកគ្រូ អ្នកគ្រូ ទាំង៤៥នាក់ ក្នុងម្នាក់ៗថវិកា៣០០ដុល្លារ និងវត្ថុកំដរដៃមួយប្រអប់ ព្រមទាំងចូលរួមរាំលេងកំសាន្ត ដោយក្តីរីករាយអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងផងដែរ៕