(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមគោរពអញ្ជើញបងប្អូនទាំងអស់ មកចូលរួមទស្សនាការតាំងបង្ហាញនេះ ដោយផ្ទាល់ និងសាកល្បងប្រើប្រាស់ ChatGPT នៅទីតាំងពិពរណ៍ ហើយក្រុមការងារនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនឹងបង្ហាញ ព្រមទាំងពន្យល់អំពីការប្រើប្រាស់ដោយលម្អិត។

ការតាំងបង្ហាញនឹងចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី ២៦-២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រអគារ A B ក្នុងកម្មវិធីទិវាជាតិលើកទី១ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានដាក់តាំងបង្ហាញ ChatGPT របស់ខ្លួន ដែលជាបច្ចេកវិទ្យាថ្មី ប្រើដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមការវិវត្តនៃបច្ចេកវិទ្យា។

សូមគូសបញ្ជាក់ថា ChatGPT ប្រេីបច្ចេកវិទ្យា​ AI ពិតជាមានសមត្ថភាពខ្ពស់ក្នុងការសម្រួលដល់ការងារប្រចាំថ្ងៃដូចជាការងាររដ្ឋបាល ការងារគ្រប់គ្រងធនធានមនុស្ស ការឆ្លើយតបនឹងសំណួរ សរសេរអត្ថបទ បកប្រែ វិភាគ សរសេរកូដ និងការងារផ្សេងជាច្រើនទៀត ដែលប្រៀបបានទៅនឹងជំនួយការម្នាក់របស់យើង។ ChatGPT បានប្រើប្រាស់ Large Language Model (មានជាង ១៧៥ ប៊ីលាន មាត្រដ្ឋាន) ដែលត្រូវបានអភិវឌ្ឍឡើងឱ្យមានសមត្ថភាពយល់ដឹងពីភាសារបស់មនុស្សយើង ហើយឆ្លើយតបវិញបានឆាប់រហ័សដូចជាមនុស្សដែរ។ មិនតែប៉ុណ្ណោះ ChatGPT ក៏អាចរៀនពីសារចាស់ៗដែលយើងបាន Chat ជាមួយ ដើម្បីឆ្លើយឆ្លងត្រូវបរិបទជាមួយមនុស្សម្នាក់ៗដោយឡែកពីគ្នា៕