(ភ្នំពេញ)៖ និស្សិតចំនួន៦១១នាក់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ បានប្រឡងចូលរៀន វគ្គសិក្សាបទប្បញ្ញត្ដិ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ នៅសាកលវិទ្យាល័យ អាស៉ី អឺរ៉ុប។ ចំពោះនិស្សិត ដែលប្រឡងជាប់ នឹងទទួលបានការចូលរៀនវគ្គសិក្សានេះ ដោយឥតគិតថ្លៃ។

កម្មវិធីប្រឡងនេះ រៀបចំដោយមហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងក្រុមហ៊ុនមេធាវីតម្រាច្បាប់ លើវគ្គសិក្សា ស្ដីពី «បទប្បញ្ញត្តិទូទៅនៃកាតព្វកិច្ច ពាក់ព័ន្ធនឹងការបង្ហាញឆន្ទៈ ការបង្កើត និងការអនុវត្តកិច្ចសន្យា» វគ្គទី០២។

និស្សិត ដែលអាចចូលរៀន ក្នុងវគ្គសិក្សាវគ្គទី២នេះ ត្រូវដាក់ពាក្យចុះឈ្មោះចូលរៀន តាមរយៈតំណភ្ជាប់ ដែលបានដាក់ជូនក្នុងសេចក្តីជូនដំណឹង (រៀបចំដោយក្រុមហ៊ុនមេធាវី តម្រាច្បាប់) ដែលនឹងត្រូវអនុញ្ញាតឲ្យចូលរៀន ដោយមានលក្ខខណ្ឌដូចខាងក្រោម៖

* ជានិស្សិតផ្នែកនីតិសាស្ត្រ ដែលបាននិងកំពុងសិក្សាចាប់ពីឆ្នាំទី២ ឡើងទៅ
* ឆ្លើយសំណួរប្រឡងចូលបានត្រឹមត្រូវ ដូចមានក្នុងទម្រង់នៃការស្នើសុំចូលរៀន
* ត្រូវមានសុខភាពល្អ កាយសម្បទាមាំមួន
* ត្រូវមានសីលធម៌ សុជីវធម៌ និងព្យាយាមប្រឹងប្រែងខិតខំរៀនសូត។

ចំនួននិស្សិត ដែលនឹងត្រូវបានអនុញ្ញាតឲ្យចូលរៀន ក្នុងវគ្គសិក្សាវគ្គទី២នេះ កំណត់ត្រឹមចំនួន៦០នាក់តែប៉ុណ្ណោះ និងមិនតម្រូវឲ្យនិស្សិតបង់សិក្សាឡើយ។

ដើម្បីបញ្ចប់វគ្គសិក្សាទី០២នេះបាន និស្សិតទាំងអស់ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖
* មិនត្រូវអវត្តមានគ្មានច្បាប់ ឬ មិនត្រូវអវត្តមានដោយមានច្បាប់លើសពី ៣ដង
* មិនបានបំពេញកិច្ចការដែលគ្រូដាក់ឲ្យ
* ត្រូវឆ្លងកាត់ការប្រឡងបញ្ចប់វគ្គសិក្សា
* គោរពឲ្យបានខ្ជាប់ខ្ជួននូវវិធានបទបញ្ជា ដែលដាក់ចេញដោយគ្រូទទួលបន្ទុក៕