(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថាគិតត្រឹមរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ គឺផ្ទះប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តបន្ទាយមានជ័យ ៤៣៧ខ្នង ត្រូវបានខ្យល់កន្ត្រាក់ បោកបក់ និងវាយបំផ្លាញបណ្តាលឱ្យរងការខូចខាត។

ភ្លាមៗ លោក អ៊ុំ រាត្រី បានឱ្យដឹងថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមមូលដ្ឋានសហការជាមួយកងកម្លាំងប្រដាប់អាវុធ មានកម្លាំងយោធា កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ ចុះជួយអន្តរាគមន៍ និងជួយសង្គ្រោះ និងជួសជុលផ្ទះប្រជាពលរដ្ឋឡើងវិញ។

ជាមួយគ្នានេះដែរ លោក អ៊ុំ រាត្រី ក៏បានដឹកនាំមន្ត្រី កម្លាំងប្រដាប់អាវុធចុះមកទីតាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិនេះ ដើម្បីនាំយកអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅតាមស្រុកដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះ។

លោក អ៊ុំ​ រាត្រី​ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងនគរបាល ១៨០នាក់ កងពលតូចថ្មើជើង៥១ ចំនួន១៧០នាក់ និងសឹងរងខេត្តចំនួន ៧៧នាក់ ចុះជួសជុល សាងសង់ឡើងវិញបានចំនួន ៥៤ខ្នង និងបាននាំយកអំណោយជាស្បៀងឧបភោគ បរិភោគ និងសង្គ័សី ជូនប្រជាពលរដ្ឋរងគ្រោះ ព្រមទាំងនាំអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅតាមស្រុកដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះ។

អំណោយរបស់លោកបណ្ឌិត ហ៊ុ​ន ម៉ាណែត និងលោកស្រី រួមមានសង័្គសីចំនួន ១,២៥០សន្លឹក, លោកអភិបាលខេត្ត និងក្រុមការងារចុះជួចំនួន ៧៥១៤សន្លឹក និងឈើក្រប ដល់ជនរងគ្រោះដោយខ្យល់កន្ត្រាក់តាមខ្នងផ្ទះ (គ្រប់ខ្នងផ្ទះ) និងឧបត្ថម្ភគ្រឿងឧបភោគ និងថវិកាមួយចំនួនជូនកងកម្លាំងដែលបានជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះ។ រៀបចំជួសជុលឡើងវិញដំបូលអាគារសាលារៀនចំនួន ៥ខ្នង។

បើយោងតាមរបាយការណ៍ដែលបញ្ជាក់ដោយអភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គិតត្រឹមវេលាម៉ោង១៧.០០នាទីយប់​ ថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ​២០២៣ ខ្យល់កន្ត្រាក់បានប៉ះពាល់ផ្ទះសរុប ចំនួន៤៣៧ខ្នង លើ៥ឃុំ របេីកសង័្គសី ៧,៦២៩សន្លឹក​ ក្នុងនោះមាន៖

ទី១៖ ស្រុកស្វាយចេក ចំនួន៩ខ្នង​ សង័្គសី១១៥សន្លឹក, ឃុំទ្រាស ៩ខ្នង អស់សង្គសី ១១៥សន្លឹក។

ទី២៖ ស្រុកថ្មពួក ចំនួន ៤២៨ខ្នង​ សង័្គសី៧,៥១៤សន្លឹក, ឃុំគំរូប៉ះពាល់៥ភូមិ ១២៩ខ្នង របើកសង័្គសី២.៥៦១សន្លឹក, ឃុំថ្មពួកប៉ះពាល់ ៥ភូមិ​ ១៥៤ខ្នង របើកសង័្គសី ១,២៥៣សន្លឹក, ប៉ះពាល់ដំបូលសាលារៀន៥ខ្នង របើកក្បឿង និងឃុំភូមិថ្មីប៉ះពាល់៣ភូមិ​ ១៤៥ខ្នង របើកសង័្គសី ៣,៧០០សន្លឹក៕