(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យបន្ថែមទុនដល់អ្នកវិនិយោគ ដើម្បីបង្កើនការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសឱ្យកាន់តែច្រើន ចូលរួមប្រែក្លាយកម្ពុជាទៅជាអធិរាជស្វាយចន្ទីនាពេលអនាគត។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីបិទសន្និបាតបូក​សរុប​​​ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលទី២៤ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចតេជោបានថ្លែងថា កម្ពុជាមានសមត្ថភាពប្រជែងយកលេខ១លើពិភពលោក ក្នុងការនាំគ្រាប់ស្វាយចន្ទីទៅប្រទេសក្រៅ។ សព្វថ្ងៃនេះ កម្ពុជាបានវិវត្តហួសប្រទេសកូតឌីវ័រទៅហើយក្នុងការនាំចេញគ្រាប់ស្វាយចន្ទី ខណៈកូតឌឺវ័រមានគ្រាប់ស្វាយចន្ទីត្រឹមតែ១,១០០,០០០តោនប៉ុណ្ណោះ ប៉ុន្តែកម្ពុជាមានគ្រាប់ស្វាយចន្ទីជាង១,១៨០,០០០តោន។

សម្ដេចតេជោបានបន្តថា បច្ចុប្បន្នផ្ទៃដីដាំដុះស្វាយចន្ទីដែលមិនទាន់ទទួលផលក៏កំពុងតែកើនឡើងដែរ ដូច្នេះប្រសិនបើកម្ពុជាមានរោងចក្រកែច្នៃល្អ បង្វិលទុនបានគ្រប់គ្រាន់ នោះការផលិតផលគ្រាប់ស្វាយចន្ទីនឹងកើនឡើងលើសនេះថែមទៀត ខណៈគ្រាប់ស្វាយចន្ទីគឺមានតម្រូវការច្រើននៅលើពិភពលោក។

សម្ដេចតេជោនាយករដ្ឋមន្ត្របានបន្តទៀតថា ប្រទេសវៀតណាម និងឥណ្ឌាជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេ ប៉ុន្តែប្រទេសទាំងនោះនាំគ្រាប់ស្វាយចន្ទីពីក្រៅមកកែច្នៃក្នុងប្រទេសរៀងខ្លួននោះទេ ប៉ុន្តែកម្ពុជាមានគ្រាប់ស្វាយចន្ទីក្នុងប្រទេសស្រាប់ ដូច្នេះត្រូវជំរុញនូវការកែច្នៃ ត្រូវពង្រឹងការស្រាវជ្រាវ ការវេចខ្ចប់ឱ្យបានត្រឹមត្រូវនិងមានគុណភាព។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលជាក្ដីកង្វល់ គឺទុនវិនិយោគសម្រាប់យកទៅកែច្នៃគ្រាប់ស្វាយចន្ទី ដូច្នេះសម្ដេចតេជោបានណែនាំដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងធនាគារជាតិនៃកម្ពុជាត្រូវពិនិត្យលើការបន្ថែមទុនវិនិយោគបន្ថែម ដើម្បីជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានកាន់តែច្រើន។ សម្ដេចថា តាមរបាយការណ៍របស់លោករដ្ឋមន្ត្រី ទិត ឌីណា នៅខ្វះទុនតែ៦លានដុល្លារទៀត នោះការផលិតគ្រាប់ស្វាយចន្ទីនឹងសម្រេច១,១០០តោនថែមទៀត ខណៈមានជាង១,១៨០,០០០តោនរួចមកហើយ។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមានក្ដីសង្ឃឹមថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារជាតិនឹងសហការជំរុញការងារនេះ។ ត្រូវតែទម្លាក់ទុនបន្ថែមលើការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងប្រទេសនេះ ដើម្បីសម្រេចឱ្យបាននូវគោលនយោបាយស្វាយចន្ទី ដែលយើងបានអនុម័តកន្លងមកឱ្យបានជោគជ័យ ឱ្យក្លាយទៅជាអ្នកផ្គត់ផ្គង់»។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ចំពោះការលក់គ្រាប់ស្វាយចន្ទីនេះទៀតសោត គឺត្រូវទុកឱ្យទីផ្សារកាត់សេចក្ដីរឿងតម្លៃថ្លៃថ្នូរ អ្នកណាឱ្យថ្លៃច្រើន លក់ឱ្យអ្នកនោះ ទោះបីក្នុងប្រទេស ឬក្រៅប្រទេសក៏ដោយ។

សម្ដេចថ្លែងបែបនេះ «ត្រូវទុកឱ្យទីផ្សារកាត់សេចក្ដី ក្រឹត្យក្រមសេដ្ឋកិច្ចគឺដូច្នេះឯង តិចថានៅពេលចេះកែច្នៃ បែរជាហាមឃាត់កសិករមិនឱ្យលក់ទៅប្រទេសក្រៅដែលគេមកទិញនៅក្នុងប្រទេសយើង ហ្នឹងមិនមែនជាសេដ្ឋកិច្ចទីផ្សារទេ សេដ្ឋកិច្ចទីផ្សារគឺផ្សារកាត់សេចក្ដី អ្នកណាឱ្យថ្លៃច្រើនលក់ឱ្យអ្នកនោះ កុំមានភាពផ្ដាច់មុន ហើយក៏កុំមានរបាំងពាណិជ្ជកម្ម»

ប្រទេសកម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាសមាជិក AFTA ឬតំបន់ពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌអាស៊ាន និងក្នុងក្រប ASEP ដូច្នេះត្រូវតែអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីឱ្យបានត្រឹមត្រូវ។ នេះជាការរំឭកដាស់តឿនរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

បើតាមការបញ្ជាក់បន្ថែមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ស្វាយចន្ទី ឬមានការប្រកួតប្រជែងតម្លៃប៉ុណ្ណោះទេ តែថែមទាំងត្រូវត្រៀមជួយកសិករនៅពេលថ្លៃលក់ធ្លាក់ចុះ ដើម្បីជួយជ្រោមជ្រែងការខិតខំដាំដុះរបស់កសិករខ្មែរយើង៕