(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យគិតគូរផ្ដល់ថវិកាទ្រទ្រង់ជីវភាព ដូចជាប័ណ្ណក្រីក្រជាដើម ជូនដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទ នៅតំបន់អភិរក្សផ្សោត បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់ការនេសាទនៅតំបន់នោះ ដោយសារសត្វផ្សោតទាក់មងស្លាប់ជាបន្ដបន្ទាប់កាលពីពេលកន្លងទៅ។

ក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានមើលឃើញថា បើរដ្ឋគិតតែអនុវត្តវិធានការរដ្ឋបាលចំពោះប្រជាពលរដ្ឋដែលប្រកបរបរនេសាទតែមួយមុខ គឺមិនអាចធ្វើទៅរួចនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់។ ផ្ទុយទៅវិញ ការហាមឃាត់ជំនួសដោយការឧបត្ថម្ភសាច់ប្រាក់ ទើបជាការល្អ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅកាន់លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រង់ស្ថិតិប្រជាពលរដ្ឋដែលប្រកបរបរនេសាទ នៅតំបន់អភិរក្សផ្សោតដែលត្រូវបានហាមឃាត់ ដើម្បីពិនិត្យលទ្ធភាពផ្ដល់ការឧបត្ថម្ភ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បើយើងគិតតែវិធានការរដ្ឋបាលសុទ្ធ គឺអត់បានទេ។ អញ្ចឹងទេយើងស្រង់មើលសុំឲ្យបងប្អូននេសាទកុំប្រើប្រាស់មងនៅក្នុងតំបន់ស្នួលទាំងនោះ ប៉ុន្ដែយើងអាចជំនួសមកវិញ តើប៉ុន្មានគ្រួសារទៅដែលគាត់ប្រកបមុខរបរនេសាទ យើងឲ្យគាត់មានមុខរបរផ្សេង។ បន្ថែមលើនោះយើងអាចលើកទឹកចិត្តឲ្យគាត់នូវប័ណ្ណក្រីក្រជូនពួកគាត់ ដើម្បីជំនួសមកវិញនូវការថែទាំ បើមិនអញ្ចឹងទេគាត់នៅតែបន្ដ ព្រោះគាត់គ្មានជម្រើស អត់មានប្រាក់ចំណូល»

បើតាមអ្វីដែលលោក ឌិត ទីណា ជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន នោះ, មានប្រជាពលរដ្ឋប្រមាណ១,៣០០គ្រួសារ នៅខេត្ដក្រចេះ និងខេត្តស្ទឹងត្រែង ដែលត្រូវបានរដ្ឋហាមឃាត់ការធ្វើនេសាទនៅតំបន់អភិរក្សផ្សោត។

ចំណុចនេះ សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល មានលទ្ធភាពផ្ដល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយការហាមឃាត់ ហើយសម្ដេចបានណែនាំឲ្យយកគំរូការផ្លាស់ប្ដូរលំនៅឋានរបស់ប្រជាពលរដ្ឋនៅតំបន់អង្គរ។ តាមរយៈវិធានការដែលបានដាក់ចេញជាបន្ដបន្ទាប់នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គឺធ្វើឡើងដើម្បីការពារសត្វផ្សោតកុំឲ្យស្លាប់ ដោយសារទាក់មងប្រជានេសាទ បើមិនដូច្នេះទេ សត្វកម្រប្រភេទនេះនឹងស្លាប់ផុតពូជជាក់ជាមិនខាន។

សូមជម្រាបថា បច្ចុប្បន្ននេះសត្វផ្សោតទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា មានប្រមាណជាង៨០ក្បាល ក្នុងនោះនៅខេត្តក្រចេះ មានជាង៥០ក្បាល និងខេត្តស្ទឹងត្រែង មានជាង៣០ក្បាល។ មន្ដ្រីជំនាញធ្លាប់បានអះអាងថា សត្វផ្សោតអាចរស់បានត្រឹមអាយុ៣០ឆ្នាំប៉ុណ្ណោះ ហើយការបង្កើតកូនវិញ គឺធ្វើឡើងរយៈពេល២ឆ្នាំម្ដង៕