(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានសហការជាមួយវិទ្យាល័យជាស៊ីមសន្ធរម៉ុក រៀបចំវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន។

វគ្គផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក ឡៅ ម៉ូលីណា នាយកវិទ្យាល័យជាស៊ីមសន្ធរម៉ុក និងតំណាងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញផងដែរ។

ថ្លែងក្នុងមតិស្វាគមន៍ដល់វគ្គបណ្តុះបណ្តាលនេះ លោក ឡៅ ម៉ូលីណា នាយកវិទ្យាល័យជាស៊ីមសន្ធរម៉ុក បានណែនាំឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ ក្នុងសាលារៀនទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ ស្តាប់នូវគោលការណ៍សំខាន់នៃច្បាប់ ដែលវាគ្មិនអញ្ជើញមកពីអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើបទបង្ហាញនៅពេលនេះ និងសូមផ្តល់នូវមតិ យោបល់ ដោយ លើកឡើងនូវសំនួរដើម្បីឱ្យវាគ្មិនធ្វើការបកស្រាយឱ្យបានច្បាស់លាស់ និងសំណូមពរមន្ត្រីអធិការកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. បង្កើនសកម្មភាពត្រួតពិនិត្យផលិតផលទំនិញ ពិសេសម្ហូបអាហារ អនុវត្តវិធានការច្បាប់ដោយម៉ឺងម៉ាត់ សំដៅទប់ស្កាត់ឱ្យបាននូវការធ្វើអាជីវក ម្មមិនសុចរិតក្នុងវិស័យម្ហូបអាហារ។

ក្នុងឱកាសនោះ លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាងលោក ផាន អូន បានឱ្យដឹងថា អនុវត្តអនុសាសន៍ណែនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដោយបានទទួលកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា និងពិសេសបណ្តាមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត បានរៀបចំកម្មវិធីផ្សព្វផ្សាយអំពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ម្ហូបអាហារ នៅតាមបណ្តាគ្រឹះស្ថានសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជន។

កម្មវិធីផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបណ្តុះនូវពុទ្ធិផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានរបស់អ្នកប្រើប្រាស់ សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ លើកកំពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចំរើនទៅមុខ។

លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានឱ្យដឹង ថាមុនវគ្គផ្សព្វផ្សាយនេះ មន្ត្រីជំនាញក៏បានចុះត្រួតពិនិត្យម្ហូបអាហារនៅតាមតូបលក់អាហារក្នុងសាលាចំនួន៨កន្លែង ជាលទ្ធផលពុំមានវត្តមានសារធាតុគីមីទេ និងបានចែកជូនផ្ទាំងរូបភាពអំពីសុវត្ថិភាពម្ហូបអាហារ ហើយវគ្គផ្សព្វផ្សាយនេះមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករលក់ដូរក្នុងសាលា សរុបប្រមាណ២៥០នាក់ ដែលជាការផ្តល់ចំណេះដឹងជាមូលដ្ឋានសម្រាប់អ្នកប្រើប្រាស់ បានស្វែងយល់អំពី ការជ្រើសរើសម្ហូបអាហារមានគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់តុអាហារ។

លោក ង៉ែត ចេកបានសំណូមពរឱ្យវគ្គផ្សព្វផ្សាយយកវេទិកានេះ ជាវេទិកាពិភាក្សា បញ្ចេញមតិ ដោយលើកឡើងនូវសំណូមពរ ឬសំនួរនានាពាក់ព័ន្ធនឹងម្ហូបអាហារ ដើម្បីឱ្យយល់កាន់តែច្បាស់ថែមទៀត អំពីរបៀបនៃការជ្រើសរើសផលិតផល ពិសេសម្ហូបអាហារដែលមានសុវត្ថិភាព ផលប៉ះពាល់ពីការប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ ការផលិត ដាក់លក់ ឬបរិភោគអាហារខ្វះអនាម័យ ដែលនាំដែលជាកត្តាបង្កគ្រោះដល់សុខភាពរបស់យើងទាំងអស់គ្នា ដើម្បីសង្គមយើង គ្រួសារយើង ពិសេសខ្លួនយើង សូមប្អូនៗ ដែលជាសិស្សានុសិស្ស ជ្រើសរើសម្ហូបអាហារមានអនាម័យ សុវត្ថិភាព និងគុណភាព ហើយជៀសឱ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា៕