(ព្រះសីហនុ)៖ នាវាចម្បាំងកងទ័ពជើងទឹកបារាំង មួយគ្រឿងឈ្មោះ PRAIRIAL (F731) បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ ដែលការចូលសំចតនេះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

ការចូលចតនេះ គឺមានការទទួលស្វាគមន៍ដោយគណៈប្រតិភូទាហានជើងទឹកកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនេះ ក៏មានការជួបកិច្ចពិភាក្សាសម្តែងការគួរសម នៅកំពង់ផែស្វយ័តក្នុងព្រះសីហនុ, កិច្ចជំនួបជាមួយរដ្ឋបាលខេត្ត និងកិច្ចពិភាក្សាសម្តែងការគួរសមនៅមូលដ្ឋានជើងទឹករាមផងដែរ។

ការចូលចតនេះ ផ្តោតសំខាន់ក្នុងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ លេីវិស័យយោធា វិស័យល្បាត ការពារសន្តិសុខក្នុងលម្ហរសមុទ្រ និងចំណងមិត្តភាព និងទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា។ នាវានេះដឹកនាំដោយ លោកវរនាវីឯក Francois Maignan។

លក្ខណៈបច្ចេកទេសរបស់នាវា PRAIRIAL (F-731) មានបណ្ដោយ៩៤ម៉ែត្រ ទទឹង១៤ម៉ែត្រ ជម្រៅទឹក៤.៣ម៉ែត្រ ទម្ងន់ផ្ទុក២,៩៥០តោន និងមានចំនួនមនុស្ស១០១នាក់៕