(ភ្នំពេញ)៖ ក្នុងសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២២ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៣ របស់ក្រសួងយុត្តិធម៌ លោករដ្ឋមន្ត្រី កើត រិទ្ធ បានបង្ហើបពីការកែប្រែក្រមព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ក៏ដូចជាបទដ្ឋានគិតយុត្តដែលមានការពាក់ព័ន្ធផ្សេងទៀត ឲ្យស្របទៅនឹងសង្គមកម្ពុជា។

ក្នុងសន្និបាតដែលបានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោក កើត រិទ្ធ បានលើកឡើងថា ពាក់ព័ន្ធនឹងទិសដៅកែទម្រង់យុត្តិធម៌ មានព្រហ្មទណ្ឌ និងរដ្ឋប្បវេណី អង្គសន្និបាតបានកត់សម្គាល់ និងពិចារណា ពីភាពចាំបាច់ ក្នុងការកែទម្រង់យុត្តិធម៌ផ្នែកព្រហ្មទណ្ឌ និងផ្នែករដ្ឋប្បវេណី សម្តៅមានប្រព័ន្ធយុត្តិធម៌មួយប្រកបដោយទំនុកចិត្ត ឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់សង្គមកម្ពុជា ដោយផ្តោតជាសំខាន់នូវភាពចាំបាច់ ក្នុងការធ្វើវិសោធនកម្មយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ព្រមទាំងច្បាប់ដែលមានការពាក់ព័ន្ធ។

ជាមួយគ្នានេះ លោកបន្តថា «ចំពោះចំណុចនេះ ក្រមទាំង៤ ត្រូវបានគិតគូរជាមួយនឹងស្ថានភាពកម្ពុជា កាលពី២០ឆ្នាំ ហើយត្រូវបានប្រើប្រាស់ក្នុងសង្គមកម្ពុជាប្រមាណជាង ១០ឆ្នាំមកហើយនោះ ដូច្នេះខ្ញុំយល់ថា វាដល់ពេលវេលាសមស្របមួយ ដើម្បីវាយតម្លៃអំពីការអនុវត្តក្រមទាំងពីរនេះ ក៏ដូចជាច្បាប់ និងបទដ្ឋានគិតយុត្តដែលមានការពាក់ព័ន្ធផ្សេងទៀត សម្តៅពិនិត្យមើលអំពីការលំបាកនានា ព្រមទាំងប្រសិទ្ធិក្នុងការអនុវត្តតាម ស្ថានភាពក្នុងសង្គមជាក់ស្តែងរបស់កម្ពុជា ដើម្បីធ្វើជាមូលដ្ឋានក្នុងការពិចារណា ក្នុងការធ្វើវិសោធនកម្ម»

បើតាមលោក កើត រិទ្ធ, ក្រសួងយុត្តិធម៌ នឹងបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីអនុវត្តធ្វើការងារនេះ។ លោកអះអាងថា កម្ពុជាត្រូវធ្វើច្បាប់ឲ្យស្របតាមសង្គមខ្លួនឯង ហើយអាចអនុវត្តបាននៅក្នុងសង្គមខ្លួនឯង ដោយមិនបាច់យកមកពីកន្លែងណានោះទេ។

លោកបានលើកឧទាហរណ៍ ផងដែរពីបទល្មើសព្រហ្មទណ្ឌ គឺបទលួចមានស្ថានទម្ងន់ទោស និងកំហែងយក ដែលខ្មែរយើងនិយមហៅថា «ប្លន់»។ ក្នុងន័យនេះ លោកពន្យល់ថា ពាក្យលួចមានស្ថានទម្ងន់ទោស គឺត្រូវបានបកប្រែពីគេ ដែលមិនស្របនឹងពាក្យរបស់ខ្មែរឡើយ៕