(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានពន្យល់អំពីការកសាងអត្តសញ្ញាណជាតិ តាមរយៈបង្កើតនូវព្រឹត្តិការណ៍តូចៗ ដែលអាចនាំឲ្យភាពខុសគ្នា មកចូលរួមជាមួយគ្នាក្នុងភាពដូចគ្នាវិញ។

តាមរយៈវីដេអូខ្លីមួយដែលបង្ហោះនៅលើបណ្ដាញសង្គម Facebook នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី បានពន្យល់ទៀតថា ភាពខុសគ្នាដែលលោកលើកមកនិយាយនៅពេលនេះ គឺសម្ដៅលើវ័យខុសគ្នា, តួនាទីភារកិច្ចខុសគ្នា ដើម្បីមកចូលរួមជាមួយគ្នាមិនមែនជារឿងសាមញ្ញពេកនោះទេ។

បើតាមលោក ហ៊ុន ម៉ានី, ការរៀបចំកម្មវិធីតូចមួយ ហើយទទួលបានការចូលរួម ដោយស្មារតីដូចគ្នា ដោយការលះបង់ដូចគ្នា ហើយសម្រេចគោលដៅដូចគ្នា ប្រសិនបើគេមើលស្រាលកិច្ចការនេះ ប្រហែលគេមិនយល់ពីមូលដ្ឋាននៃការថែរក្សានៃសាមគ្គី ឯកភាពក្នុងនាមជាប្រទេស និងពាក្យដែលថា National Identity Building។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលមិនយល់ថា ការរៀបចំកម្មវិធីតូចមួយ ហើយទទួលបានការចូលរួម ដោយស្មារតីដូចគ្នា ដោយការលះបង់ដូចគ្នា ហើយសម្រេចគោលដៅដូចគ្នា ប្រសិនបើគាត់មើលស្រាលកិច្ចការនេះ ប្រហែលគាត់មិនយល់ពីមូលដ្ឋាននៃការថែរក្សានៃសាមគ្គី ឯកភាពក្នុងនាមជាប្រទេស និងពាក្យដែលថា National Identity Building […] យើងគួរឲ្យតម្លៃទៅលើរឿងតូចៗ ដែលអាចនាំឲ្យភាពខុសគ្នា មកចូលរួមគ្នាក្នុងភាពដូចគ្នា»

គួរជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺតែងតែបង្កើត និងរៀបចំនូវព្រឹត្តិការណ៍ផ្សេងៗនៅក្នុងសង្គម ដើម្បីឲ្យមានការចូលរួមជាមួយគ្នាជាធ្លុងមួយ បង្ហាញពីការសាមគ្គីភាព រួបរួមគ្នាក្នុងសង្គមតែមួយ ពិសេសសម្រាប់យុវជនជំនាន់ក្រោយ៕