(បន្ទាយមានជ័យ)៖ ផ្ទះប្រជាពលរដ្ឋសរុប ៤៣៦ខ្នងនៅក្នុងស្រុកថ្មពួក និងស្រុកស្វាយ​ចេក ខេត្តបន្ទាយមានជ័យ បានរងការខូចខាតដោយសារតែខ្យល់កន្ត្រាក់កាលពីល្ងាច​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០២៣។ ក្រៅពីផ្ទះប្រជាពលរដ្ឋហើយនោះ សាលារៀនចំនួន ៥ខ្នងក្នុង​ស្រុកថ្មពួក ក៏បានរងផលប៉ះពាល់ផងដែរ។

ក្រោយកើតហេតុការណ៍នេះ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍​ត្រី សឹង្ហ​ ទុំ​ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំង​អន្តរាគមន៍ចំនួន​១៧៨នាក់ រួមមានកងទ័ពវរសេនាតូចថ្មើរជើងលេខ៥១​៣, ៥១៤ និងកម្លាំងចំណុះកងពល​សហការជាមួយកងកម្លាំងចម្រុះ តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាន​នគរបាល​ កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន នាំយកស័ង្កសីរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត​ និងលោកស្រី​ ចំនួន ១,១០០សន្លឹក ចុះជួយរុះរើ និងជួសជុលផ្ទះ​ជូនប្រជាពល​រដ្ឋរងគ្រោះឡើងវិញ។

ក្នុងឱកាសដឹកនាំកម្លាំងចុះជួយរុះរើ និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋឡើងវិញនោះ លោក សឹង្ហ ទុំ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ នាយ​ឧត្តម​សេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកង​យោធពលខេមរភូមិន្ទនោះ លោកបានផ្តល់អំណោយស័ង្កសី ដល់កងកម្លាំងកងពល​តូចថ្មើរ​ជើងលេខ៥១ រក្សាទុក​ដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ​ឱ្យបានទាន់​ពេល​វេលា​ពេលជួបគ្រោះធម្មជាតិខ្យល់កន្ត្រាក់។

ក្នុង​ឱកាស​នោះ​​ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរងគ្រោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតជូនចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងតែយកចិត្ត​ទុក​ដាក់​ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង​ និងគ្រប់វេលា​ និងប្រកាសគាំទ្រ លោក​ ហ៊ុន​ ម៉ាណែត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រីនាពេលអនាគត៕