(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការដេញតាមបង្ក្រាបជាបន្តបន្ទាប់ រហូតឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូគេ។

របាយការណ៍ដដែលនេះ បានឱ្យដឹងទៀតថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២៣៖៤០នាទី កម្លាំងជំនាញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈុន ដេវីត ហៅវីត នៅចំណុច លើសួនច្បារក្តាន់ពីរមុខក្រសួងការពារជាតិ ផ្លូវសហព័ន្ធរុស្សី សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង០០៖១០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យបន្តឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀត នៅចំណុចកន្លែងស្នាក់នៅដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពដដែលនេះ បានឱ្យដឹងទៀតថា ករណីខាងលើនេះ មានជនរងគ្រោះ ឈ្មោះ សុក សាវី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់។ ចំណែកជនសង្ស័យចំនួន០២នាក់ មានឈ្មោះ ឈុន ដេវីត ហៅ វីត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ និងឈ្មោះ សេង សិលា ហៅខ្លា ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាងចាប់បានរួមមាន៖ កាំបិតកែច្នៃ ចំនួន០១ដើម, ម៉ូតូម៉ាកហុងដាស១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ គ្មានផ្លាកលេខ ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕