(ក្រចេះ)៖ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្ត នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព បើកអង្គសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣របស់របាលខេត្តក្រចេះ ដែលមាន សមាជិក សមាជិកានៃអង្គសន្និបាត សរុបប្រមាណ ជាង៤០០ នាក់។

លោក វ៉ា ថន បានលើកឡើងថា សន្និបាតនាពេលនេះ គឺជាឱកាសដ៏សមស្របសម្រាប់យើងទាំងអស់គ្នា ធ្វើការត្រួតពិនិត្យ និងវាយតម្លៃអំពីលទ្ធផលការងារ និងការវិវត្តន៍ថ្មីៗ ដែលយើងទាំងអស់គ្នា បានខិតខំប្រឹងប្រែងសម្រេចបាន ដោយផ្អែកតាមក្របខណ្ឌ នៃតួនាទីភារកិច្ចស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត កិច្ចសហការសម្របសម្រួលរវាងស្ថាប័នថ្នាក់ជាតិ និងផ្នែកជំនាញ នៅថ្នាក់ក្រោមជាតិ ព្រមទាំងការចង្អុលដឹកនាំ ជាគន្លឹះពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។ ការរួមគ្នាពិនិត្យ វាយតម្លៃឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយលើសមិទ្ធផល បទពិសោធន៍ដែលទទួលបាន និងបញ្ហាប្រឈម ដែលនៅសេសសល់ គឺជាមូលដ្ឋានដើម្បីកំណត់ទិសដៅក្នុងការជំរុញ ការអនុវត្តកម្មវិធីកំណែទម្រង់នានា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឲ្យកាន់តែមានប្រសិទ្ធភាព។

លោកបន្តទៀតថា ដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចកិច្ចការទាំងនេះ បានកាន់តែជោគជ័យ ទាមទារឲ្យរដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់មានសមត្ថភាពគ្រប់គ្រាន់ និងសមស្របដើម្បីអាចអនុវត្តមុខងារ និងសិទ្ធិអំណាចដែលទទួលបានពីថ្នាក់ជាតិកាន់តែល្អប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាព សំដៅលើកកម្ពស់ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនានារបស់ប្រជាពលរដ្ឋ និងមូលដ្ឋាននីមួយៗ ដែលអាចមានលក្ខណៈខុសៗគ្នា។ សមិទ្ធផលដ៏សំខាន់ និងមានលក្ខណៈជាប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ គឺការកែសម្រួលរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ព្រមទាំងអ្នកពាក់ព័ន្ធបានបន្តបង្កើនកិច្ចសហការក្នុងការថែរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម តាមរយៈការលើកកម្ពស់វិធានការជំនាញ ដើរទន្ទឹមនឹងការខិតខំជំរុញឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងការអនុវត្តគោល «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»

ជាក់ស្ដែងក្នុងឆ្នាំ២០២២ កន្លងទៅនេះ លទ្ធផលប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ខេត្តក្រចេះ ទទួលបានជ័យលាភីចំណាត់ថ្នាក់ ប្រភេទលេខ១ ចំនួន ៣១ឃុំ-សង្កាត់ ប្រភេទលេខ២ ចំនួន ១៣ឃុំ-សង្កាត់ ប្រភេទលេខ៣ ចំនួន ២ឃុំ-សង្កាត់ និងធ្លាក់ចំណាត់ថ្នាក់ចំនួន ២ឃុំ។ ហើយការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់កាន់តែមានប្រសិទ្ធភាព បទល្មើសគ្រឿងញៀនថយចុះជាងឆ្នាំមុន២១ករណី ស្មើនឹង២៣%។

ដោយឡែក ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ថ្វីបើគ្រោះថ្នាក់ចរាចរណ៍មានកំណើនបន្តិច បន្ទាប់ពីការបើកប្រទេស ឲ្យដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ ប៉ុន្តែអាជ្ញាធរបានកត់សម្គាល់ឃើញ មានការផ្លាស់ប្ដូរជាវិជ្ជមាននូវឥរិយាបទរបស់អ្នកប្រើប្រាស់ផ្លូវ ក្នុងការគោរពច្បាប់ និងការរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍។ ក្នុងឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១០២លើក ធៀបនឹងឆ្នាំ២០២១ កើនឡើងចំនួន១៨លើក ស្មើនឹង ២១% បណ្តាលឲ្យស្លាប់មនុស្សចំនួន ៦៥លើក។

លោកបញ្ជាក់ទៀតថា ការផ្តល់សេវាតាមច្រកចេញចូលតែមួយនៅថ្នាក់ខេត្ត ក្រុង ស្រុកត្រូវបានពង្រីកវិសាលភាព និងពង្រឹងគុណភាព ដោយបានដាក់ឲ្យដំណើរការ នូវអង្គភាពច្រកចេញចូលតែមួយ នៅរដ្ឋបាលខេត្ត និងការិយាល័យច្រកចេញចូលតែមួយ នៅគ្រប់រដ្ឋបាលក្រុង ស្រុក។ ហើយក្នុងឆ្នាំ២០២២នេះ ក្រសួងមហាផ្ទៃ បានដាក់ឲ្យដំណើរការយន្តការច្រកចេញចូលតែមួយ នៅថ្នាក់រដ្ឋបាលឃុំ សង្កាត់បន្ថែមទៀត សំដៅលើកកម្ពស់ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ កាន់តែកៀកជាប់នឹងមូលដ្ឋានឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕