(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីបំភ្លឺ អំពីការចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅម្ដុំវត្តនិរោធ បណ្តោយផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ។ នេះបើតាមសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។

សេចក្ដីបំភ្លឺ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ មានគណនីហ្វេសប៊ុកឈ្មោះ Sreyka Min និងសារព័ត៌មានមួយចំនួន បានផ្សាយថា «មានជនស៊ីវិលមួយក្រុម ជិះរថយន្តចុះចាប់មនុស្សនៅក្បែរកោះនរា»

គណនីយហ្វេសប៊ុកឈ្មោះ Sreyka Min និងសារព័ត៌មានមួយចំនួន បានបង្ហោះផ្សាយអំពីសកម្មភាពជនស៊ីវិលមួយក្រុមចាប់មនុស្សដាក់ឡាន នៅចំណុចក្បែរកំពង់ដរកោះនរា ហើយដោះលែងវិញ ក្រោយពីមានប្រជាពលរដ្ឋ បានឃើញសកម្មភាពនេះ។

ជាមួយនឹងការចុះផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានខាងលើនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចេញមកបញ្ជាក់ថា មន្ត្រីជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះស្រាវជ្រាវបង្ក្រាបករណី ជួញដូរសារធាតុញៀនខុសច្បាប់តាមវិធានជំនាញ និងតាមនីតិវិធីត្រឹមត្រូវ ដោយប្រើកម្លាំងស៊ីវិល និងឯកសណ្ឋាន មានការដឹកនាំពីលោកព្រះរាជអាជ្ញារង និងបានផ្ដល់ព័ត៌មានជូនសមត្ថកិច្ចមូលដ្ឋានថែមទៀតផង។

ពេលនោះ សមត្ថកិច្ចជំនាញ បានឃ្លាំមើលមុខសញ្ញា ដែលកំពុងធ្វើសកម្មភាពចែកចាយជួញដូរគ្រឿងញៀន នៅម្ដុំវត្តនិរោធ បណ្តោយផ្លូវជាតិលេខ១ ប៉ុន្តែជនសង្ស័យ បានបើកម៉ូតូគេចចូលផ្លូវលំបេតុង មុខវត្តនិរោធ នៅក្បែរកំពង់ដរកោះនរា។

ក្រោយឃើញមុខសញ្ញាភ្លាម សមត្ថកិច្ចបានដេញតាមដល់ផ្លូវលំបេតុង ក៏ឃើញម៉ូតូមុខសញ្ញាចតលើផ្លូវលំបេតុងនោះហើយ ឃើញមនុស្សម្នាក់ភិនភាគដូចមុខសញ្ញា ក៏បានឃាត់ខ្លួនសួរនាំពេលដឹងច្បាស់ថា មិនមែនជាជនសង្ស័យ សមត្ថកិច្ចក៏បានដោះលែងភ្លាមៗនៅនឹងកន្លែង និងបានសុំទោស ដោយពុំមានប្រើអំពើហិង្សាឡើយ ពេលនោះដែរប្រជាពលរដ្ឋជិតខាងក៏ផ្អើលឈូឆរមកមើល។

សូមបញ្ជាក់ថា ចំពោះសកម្មភាព ធ្វេសប្រហែសខុសឆ្គងនឹងខ្វះវិជ្ជាជីវៈ ក្នុងកិច្ចប្រតិបត្តិការរបស់ក្រុមមន្ត្រីខាងលើនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់ ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចអនុវត្តន៍វិន័យយ៉ាងម៉ឺងម៉ាត់ ដោយផ្អាកការងារត្រួតពិនិត្យ និងស្នើគោលការណ៍បន្ត ដើម្បីអនុវត្តន៍វិន័យរដ្ឋបាល និងច្បាប់តាមការជាក់ស្ដែង។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមថ្លែងអំណរគុណចំពោះសាធារណៈជនដែលបានសហការផ្ដល់ព័ត៌មានទាន់ពេល ដើម្បីចូលរួមប្រឆាំងបទល្មើស និងជួយកែលំអរដល់កងកម្លាំងថែមទៀតផង។ នេះជាស្មារតីដ៏ប្រពៃ ក្នុងការអនុវត្តន៍ទិសស្លោក «៣កុំ ១រាយការណ៍»