(ភ្នំពេញ)៖ សមាគមវិនិយោគិននវានុត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital Plc. (IDC) ដោយមានកិច្ចសហការពីសំណាក់កុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុង ឡុងប៊ិច រដ្ឋធានីកាលីហ្វ័រញ៉ា និងការគាំទ្រពីសហគ្រិនខ្មែរ (KE) និងសភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា (AmCham Cambodia) បានរៀបចំដំណើរទស្សនកិច្ចវិនិយោគិន និងធុរកិច្ចទៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៧ ដល់១៣ ខែមីនា ឆ្នាំ២០២៣ ដែលមានគណៈប្រតិភូចំនួន៣៤នាក់ មកពីបណ្តាក្រុមហ៊ុន និងប្រតិបត្តិករមួយចំនួន ក្នុង វិស័យ កសិកម្ម ផលិតផលចំណីអាហារ និងដឹកជញ្ជូនចូលរួម។

ជាលទ្ធផល បន្ទាប់ពីដំណើរទស្សនកិច្ចនេះបានបញ្ចប់ ផលិតផលកម្ពុជាចំនួនបី បានទទួលការចាប់អារម្មណ៍ និងអាចមានលទ្ធភាពធ្វើការនាំចេញទៅសហរដ្ឋអាមេរិករួមមាន៖ អង្ករ ទឹកត្រី/ទឹកស៊ីអៀវ និងទឹកផ្លែស្វាយធម្មជាតិ។

បន្ថែមលើនេះ ក្រុមហ៊ុនចំនួនបីរបស់សហរដ្ឋអាមេរិក ក៏បានចាប់អារម្មណ៍ និងស្នើបន្តកិច្ចពិភាក្សាបន្ថែមជាមួយសមាគម IDI លើគម្រោងវិនិយោគក្នុងវិស័យចំណីអាហារ ហិរញ្ញវត្ថុ សុខាភិបាល អចលនវត្ថុ និងកសិកម្ម ដែលរួមមានការនាំអង្ករចេញ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីជុំរុញដល់ការចែកចាយផលិតផលចំណីអាហារកម្ពុជានៅលើប្រព័ន្ធ E-Commerce។ល។

ដំណើរទស្សនកិច្ចនេះមានទិសដៅស្វែងយល់ពីទីផ្សារផលិតផលចំណីអាហារនៅសហរដ្ឋអាមេរិក ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតកម្ពុជា និងអ្នកបញ្ជាទិញនៅទីផ្សារសហរដ្ឋអាមេរិក។ របៀបវារៈសំខាន់ៗរួមមាន៖ ការចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំបំផុតលើកទី៤១ នៃឧស្សាហកម្មចំណីអាហារ មានឈ្មោះថា "Natural Products Expo West" នៅ Anaheim រដ្ឋធានីកាលីហ្វ័រញ៉ា ដែលមានការចូលរួមតាំងពិពណ៌ផលិតផលរបស់អ្នកផលិតមកពីជាង ២,៧០០ស្ថាប័ន និងអ្នកចូលរួមទស្សនាជាង ៨០,០០០នាក់ មកពីជុំវិញពិភពលោក។

ដោយឡែកក្រៅពីការចូលរួមពិធីតាំងពិពណ៌ គណៈប្រតិភូបានធ្វើទស្សនកិច្ចស្វែងយល់នៅកំពង់ផែ Long Beach ដែលជាកំពង់ផែដ៏ធំមួយនៅសហរដ្ឋអាមេរិក។ គណៈប្រតិភូក៏បានចូលរួមផងដែរ នូវកម្មវិធីផ្គូផ្គងធុរកិច្ចជាមួយអ្នកជំនួញ និងអ្នកបញ្ជាទិញសក្តានុពលមួយចំនួនក្រោមការរៀបចំ និងសម្របសម្រួលដោយកំពង់ផែ Long Beach ដែលតាមរយៈកម្មវិធីនេះ គណៈប្រតិភូបានធ្វើការបង្ហាញផលិតផលរបស់ខ្លួន ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយភាគីអាមេរិក ដើម្បីឈានឆ្ពោះទៅរកការផ្តោះប្តូរពាណិជ្ជកម្មនាពេលខាងមុខ។

លោក ចាប សុភ័គ អគ្គលេខាធិការសមាគម IDI និងជាប្រធាននាយកប្រតិបត្តិ IDC មានប្រសាសន៍ថា «ក្រៅពីស្វែងយល់ពីផលិតផលដែលកំពុងចរាចរណ៍ក្នុងទីផ្សារចំណីអាហារសហរដ្ឋអាមេរិក ដំណើរទស្សនកិច្ចនេះបានផ្តល់ការយល់ដឹងបន្ថែមអំពីស្តង់ដារវេចខ្ចប់ និងគុណភាព ការដឹកជញ្ជូន និងការស្វែងរកដៃគូចែកចាយនៅសហរដ្ឋអាមេរិក»

លោកបន្ថែមថា «យើងសង្ឃឹម និងជឿជាក់ថា តាមរយៈបទពិសោធន៍ និងចំណេះដឹងដែលទទួលបានពីដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូនឹងអាចអភិវឌ្ឍផលិតផលរបស់ខ្លួនបន្ថែមទៀត ដើម្បីអាចទទួលបានឱកាសប្រកួតប្រជែងក្នុងទីផ្សារសហរដ្ឋអាមេរិក»

បន្ថែមលើដំណើរទស្សនកិច្ចនេះ សមាគម IDI និងក្រុមហ៊ុន IDC នឹងបន្តផ្ដល់ការប្រឹក្សាពាក់ព័ន្ធនឹងការនាំចេញផលិតផលចំណីអាហារ ពីកម្ពុជាទៅកាន់ទីផ្សារបរទេសរួមមានសហរដ្ឋអាមេរិក និងអ៊ឺរ៉ុប នៅទីស្នាក់ការរបស់ខ្លួនដែលស្ថិតនៅការិយាល័យលេខ ១៥ និង១៦ ជាន់ទី២៥ នៃអគារ Flatiron by Meridian ក្នុងតំបន់ពាណិជ្ជកម្មបឹងកក់ ផ្លូវលេខ១០២ សង្កាត់ទន្លេស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមាគម IDI ប្រមូលផ្តុំដោយអ្នកវិនិយោគិនក្នុងស្រុកចំនួន ១០១ នាក់ដែលមានជំនាញ ចំណេះដឹង និងបទពិសោធន៍ចម្រុះពីស្ទើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជាដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំង។ រចនាសម្ព័ន្ធ និងសកម្មភាពស្នូលរបស់សមាគម ត្រូវបានរចនាឡើងជាមួយនឹងឆន្ទះនៃការជំរុញភាពជាដៃគូប្រកបដោយភាពស្វាហាប់ ប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈវេទិកាដែលគាំទ្រសកម្មភាពពាណិជ្ជកម្មសម្រាប់វិនិយោគិន ដៃគូរយុទ្ធសាស្រ្ត និងសហគ្រិននៅកម្ពុជា៕