(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបង្ហាញជំនឿយ៉ាងមុតមាំថា សមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៣ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ដំណើការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមជាអធិបតីរួមគ្នាជាមួយ ឧត្តមសេនីយ៍ទោ ឈិន ម៉ីនធៀន នាយរងសេនាធិការកងទ័ពជើងគោក នៃតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន ក្នុង «ពិធីបើកសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នាគមាស» ឆ្នាំ២០២៣ ដែលកំពុងដំណើរការប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។

លោកបណ្ឌិត បានសម្តែងនូវការអបអរសាទរចំពោះការរៀបចំ «សមយុទ្ធរួមគ្នា រវាងកងទ័ពទាំងពីរកម្ពុជា-ចិន នាគមាស-ឆ្នាំ២០២៣» ដែលជាការរៀបចំលើកទី៥ ចាប់តាំងពីឆ្នាំ២០១៦មក បន្ទាប់ពីអាក់ខានរយៈពេល ២ឆ្នាំជាប់គ្នា ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះលោកបានកោតសរសើរ និងការអរគុណចំពោះគណៈកម្មការ និងក្រុមការងារសមយុទ្ធទាំងពីរភាគីកម្ពុជា-ចិន ដែលសហការបំពេញការងារជាមួយគ្នាយ៉ាងស្អិតរមួតចាប់តាំងពីដំណាក់កាលរៀបចំផែនការដំបូង រហូតឈានមកដល់ដំណើរការ ពិធីបើកនាពេលនេះ។

នាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមប្រកបដោយការប្ដេជ្ញាចិត្តរបស់កម្មសិក្សាការីនៃកងទ័ពទាំងពីរ កម្ពុជា-ចិន ព្រមជាមួយនឹងការជូនពរឱ្យដំណើរការសមយុទ្ធនេះប្រព្រឹត្តទៅដោយជោគជ័យ និងសុខ សុវត្ថិភាពខ្ពស់ទាំងមនុស្ស និងសម្ភារគ្រឿងបំពាក់។

លោកអះអាងថា ផ្តើមចេញពីទំនាក់ទំនងក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ និងការបង្កើតចំណងការទូតកម្ពុជា-ចិន ក្នុងឆ្នាំ១៩៥៨ គឺរហូតមកដល់បច្ចុប្បន្ននេះ កម្ពុជា-ចិនមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រួមទាំងវិស័យយោធា។ ជាពិសេស ផ្តើមចេញពីទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសចិនក្នុងឆ្នាំ១៩៩៩ កម្ពុជាក៏ចាប់ផ្តើមទទួលបានជំនួយផ្នែកយោធាជាបន្តបន្ទាប់ រួមនឹងសកម្មភាពកិច្ចសហប្រតិបត្តិការជាច្រើនផ្សេងទៀត ដូចជា៖ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក, ការបណ្តុះបណ្តាលធនធានមនុស្ស, ការផ្តល់ជំនួយឧបត្ថម្ភជាសម្ភារ និងការអនុវត្តលំហាត់ហ្វឹកហ្វឺននាគមាស ដូចពេលនេះជាដើម។

លោកបានបន្តទៀតថា សមយុទ្ធនាគមាសលើកទី៥ នេះ ដែលត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្រ្គោះមនុស្សធម៌ នៃកងទ័ពទាំងពីរកម្ពុជា-ចិន» គឺជាផ្នែកមួយនៃយន្តការអនុវត្តក្នុងក្របខ័ណ្ឌនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ដែលត្រូវបានឯកភាពគ្នារវាង សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង ប្រធានាធិបតី ស៊ី ជីនពីង ក្នុងជំនួបនៅរដ្ឋធានីប៉េកាំងកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ហើយក៏ស្របពេលដែលឆ្នាំ២០២៣នេះ ត្រូវបានកំណត់ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ដោយក្នុងនេះប្រទេសទាំងពីរក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវដំណើរការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន សំដៅថែរក្សាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។

តាមរយៈខ្លឹមសារនៃប្រធានបទក្នុងឆ្នាំនេះ, លោកបានកត់សម្គាល់ថា ការចាត់តាំងធ្វើសមយុទ្ធនាគមាសលើកទី៥ នេះ ពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចចំពោះមុខរបស់កងទ័ពនៃប្រទេសទាំងពីរ រួមទាំងតម្រូវការកិច្ចសហប្រតិបត្តិការដើម្បីថែរក្សាសន្តិសុខនៅក្នុងតំបន់ ដោយក្នុងនេះយើងរំពឹងនឹងទទួលបានបទពិសោធន៍ជាក់ស្ដែង លើការងារមួយចំនួន ដូចជា៖

ការផ្លាស់ប្ដូរបទពិសោធន៍លើប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៌ក្នុងគ្រោះមហន្តរាយផ្សេងៗ (ខណៈដែលកម្ពុជានឹងត្រូវរៀបចំព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games 2023 ក្នុងខែឧសភា និងមិថុនា ឆ្នាំ២០២៣ ខាងមុខ) ការលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស, ប្រជាជន និងកងទ័ពទាំងពីរ តាមរយៈការបង្កើនទំនុកចិត្ត, ការប្រាស្រ័យទាក់ទងរាប់អានគ្នារវាងយោធិនជាលក្ខណៈបុគ្គល និងការស្វែងយល់អំពីវប្បធម៌គ្នាទៅវិញទៅមក និងការលេងកីឡាជាមួយគ្នា។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង បានបន្ថែមថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ ក៏អាចជាគន្លឹះមួយដ៏មានប្រសិទ្ធភាព ដែលរួមចំណែកជាមួយនឹងយន្តការពហុភាគីជាលក្ខណៈតំបន់ដែលមានស្រាប់ ដើម្បីបន្តគាំទ្រដល់សកម្មភាពនានាដែលនាំទៅដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

លោកក៏បានថ្លែងនូវការកោតសរសើរចំពោះគណៈកម្មការ និងក្រុមការងារសមយុទ្ធទាំងពីរភាគី កម្ពុជា-ចិន, អាជ្ញាធរដែនដី និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាបណ្តាស្ថាប័ន-កងឯកភាពចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដែលបានខិតខំប្រឹងប្រែងសហការរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៣នេះ រហូតអាចដំណើរការឈានមកដល់ពិធីបើកតាមពេលវេលា និងរបៀបវារៈដែលបានគ្រោងទុកផងដែរ៕