(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានផ្តល់អនុសាសន៍៥ចំណុច សម្រាប់សមយុទ្ធនាគមាសឆ្នាំ២០២៣។

ការផ្តល់អនុសាសន៍នេះ បានធ្វើឡើង ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មកចូលរួមជាអធិបតីរួមគ្នាជាមួយ ឧត្តមសេនីយ៍ទោ ឈិន ម៉ីនធៀន នាយរងសេនាធិការកងទ័ពជើងគោក នៃតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនក្នុង «ពិធីបើកសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នាគមាស» ឆ្នាំ២០២៣ ដែលកំពុងដំណើរការប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានផ្តល់មតិយោបល់សម្រាប់សមយុទ្ធនាគមាសឆ្នាំ២០២៣ ដូចខាងក្រោម៖

១៖ ត្រូវយកចិត្តទុកដាក់ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីអនុវត្តគ្រប់វិញ្ញាសារនៃលំហាត់ យុទ្ធវិធីប្រតិបត្តិការឱ្យបានជោគជ័យ ស្របតាមប្រធានបទ និងខ្លឹមសារនៃសមយុទ្ធ

២៖ ត្រូវពង្រឹងស្មារតីជាក្រុម ដែលជាមូលដ្ឋានគ្រឹះចាំបាច់បំផុតសម្រាប់ជោគជ័យរបស់អង្គភាព និងជោគជ័យន រាល់បេសសកម្មនីមួយៗ (ពិតណាស់ ស្មារតីជាក្រុម កើតឡើងដោយសារគុណតម្លៃ និងប្រពណ៌របស់កងទ័ព ដែលរូបមានជាអាទិ៍៖ ភាពស្មោះត្រង់, ភាពក្លាហាន, វិន័យ, ការគារពគ្នា, សីលធម៌, ភាពបត់បែន និងការរត់ធ្មត់)

៣៖ ត្រូវលើកកម្ពស់ស្មារតីមិត្តភាព សាមគ្គីភាព តាមរយៈការស្វែងយល់អំពីវប្បធម៌គ្នាទៅវិញទៅមក និងការលេងកីឡាជាមួយគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងយោធិនជាលក្ខណៈបុគ្គល ដែលអាចចូលរួមចំណែក យ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ

៤៖ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការណែនាំផ្សេងៗរបស់គណៈកម្មការ ដឹកនាំសមយុទ្ធ សំដៅធានាបាននូវសុខសុវត្ថិភាពខ្ពស់ទាំងមនុស្ស និងសម្ភារគ្រឿងបំពាក់

៥៖ សូមរំឭកផងដែរដល់គណៈកម្មការ ព្រមទាំងអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការប្រុងប្រយ័ត្ន និងផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីចៀសវាងកុំឱ្យមានគ្រោះថ្នាក់ និងការភ័យខ្លាច ដែលបណ្ដាលមកពីការអនុវត្តសមយុទ្ធនេះ។

សមយុទ្ធនាគមាសកម្ពុជា-ចិន លើកទី៥នេះ ធ្វើឡើងពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្រ្គោះមនុស្សធម៌ នៃកងទ័ពទាំងពីរកម្ពុជា-ចិន»។

បើតាមឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ, នៅក្នុងសមយុទ្ធនេះ ភាគីកម្ពុជា មានកងទ័ពចូលរួមផ្ទាល់់ចំនួន ៥៨៣នាក់ ដោយឡែកកងទ័ពចិនមានចំនួន ២៥៧នាក់។

សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន គឺបានធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺមានបានចំនួន៤ លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨, ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២ដោយសារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩៕