(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើ​ឥណ្ឌូ​នេស៊ី ជួយទិញអង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយជាដើម។ សំណើរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Enggartiasto Lukita អតីតរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ជំនួបនេះធ្វើឡើង ដើម្បីជំរុញពា​ណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូនេស៊ី ព្រមទាំងចែករំលែក​បទពិសោធន៍របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន​កាលពីឆ្នាំ២០២២។

ក្នុងជំនួបនោះលោករដ្ឋមន្ត្រី បានសម្តែងក្តីសោមន្សរីករាយដែលបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Enggartiasto Lukita និងបានជម្រាបជូនផងដែរ អំពីបទ​ពិសោធន៍​របស់កម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ស្របពេលពិភពលោកកំពុងស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ និងកំពុងប្រឈមបញ្ហាសកលជាច្រើន ដូចជា ជម្លោះរុស្ស៉ី និងអ៊ុយក្រែន ការឡើងថ្លៃទំនិញស្បៀងអាហារ និងវិបត្តិថាមពលជាដើម។

លោក ប៉ាន សូរស័ក្តិ បានជំរុញភាគីឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ អំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយជាដើម ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា និងកំពុងត្រូវបានជំរុញឱ្យមានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនានា។ ជាពិសេសអង្ករ​កម្ពុជាដែលទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកចំនួន៥ដង ហើយការទទួល​បានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកលើកចុងក្រោយ គឺនៅឆ្នាំ២០២២ នៅប្រទេស​ថៃ​។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកឡើងបន្ថែមទៀតថា វិនិយោគិនឥណ្ឌូនស៊ី អាចវិនិយោគ​លើវិស័យកសិកម្ម ដូចជាការបង្កើតរោងម៉ាស៊ីនកិនស្រូវ ការកែច្នៃអំឡូងមីជាផលិត​ផល​ឱសថ និងប្រដាប់វេចខ្ចប់សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ការកែច្នៃស្វាយ និងផ្លែ​ឈើ​ផ្សេងៗ។ ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនស៊ី ភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ី មកកាន់កម្ពុជាឱ្យបានឆាប់ៗ ដើម្បីសម្រួល​ដល់លំហូរ​វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

លោក Enggartiasto ក៏បានសម្តែងក្តីសោមន្សរីករាយ និងថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានឆ្លៀតពេលទទួលជំនួបសំណេះសំណាល និងកិច្ចពិភាក្សានេះ ពេលអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ២៩ (29th AEM Retreat) នៅទីក្រុងម៉ាហ្គាឡាំង ប្រទេសឥណ្ឌូនេស៊ី។

បន្ថែមពីលើនេះ លោក Enggartiasto បានអបអរសាទរកម្ពុជា សម្រាប់ការទទួលបានភាព​ជោគជ័យ​ក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ និងបានបង្ហាញអំពីគោល​បំណង​ក្នុង​ការពង្រឹងកិច្ចប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញទំហំពាណិជ្ជ​កម្ម​ទ្វេ​ភាគី លំហូវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ។

លោក Enggartiasto Lukita ក៏បានកត់សម្គាល់ផងដែរថា កម្ពជាមានការអភិវឌ្ឍសេដ្ឋកិច្ច​រីក​ចម្រើន​និងមានកំណើនធន់រឹងមាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានប្ដេជ្ញាចិត្តក្នុងការបន្តថែរក្សាស្ថេរភាពនយោបាយ វិបុលភាព និងស្ថេរភាពសេដ្ឋកិច្ច ជាពិសេសបានកោតសរសើពីកិច្ចខិតខំប្រែងរបស់ក្រសួង​ពាណិជ្ជកម្មក្នុងការជំរុញការនាំចេញទំនិញកសិកម្ម និងទាក់ទាញវិនិយោគ។

លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណលោក Enggartiasto ចំពោះការរៀបចំកិច្ច​ពិភាក្សា​នេះ និងបានប្តេជ្ញាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ឱ្យកាន់តែស៊ីជម្រៅបន្ថែម​ទៀត៕