(ស្វាយរៀង)៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ឆ្លងកាត់រយៈពេលជាង៣០ឆ្នាំកន្លង ទៅរហូតបច្ចុប្បន្ននេះ យើងមានធនធានមនុស្សគ្រប់គ្រាន់ទាំងក្នុងមជ្ឈដ្ឋាននិស្សិត បញ្ញវន្ត និងមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ ពិសេសយើងមានគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនជាច្រើន បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីចូលរួមដំណើរការកសាង និងអភិវឌ្ឍប្រទេស។

ការថ្លែងលើកឡើងបែបនេះរ បស់លោកពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើឡើងក្នុងពិធី​សម្ពោធអគាសិក្សា និងប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិត វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងនៅថ្ងៃទី២១ខែមីនាឆ្នាំ២០២៣នេះ។

ពិធីនេះ មានការចូលរួមពីលោករស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត និងលោក លោកស្រីជាប្រតិភូអមដំណើរ វិស័យឯកជន ម្ចាស់រោងចក្រសហគ្រាសសិស្សនិស្សិតនៃវិទ្យាស្ថាន និងមន្ត្រីដែលពាក់ពន្ធ័ជាច្រើនរូបផងដែរ។

បើតាមលោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានឲ្យដឹងថា ការរៀបចំកម្មវិធីថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្តដល់សិស្ស-និស្សិតជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នាពេលនេះ និងដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលថ្មី នៃហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។

លោក មុត ចិន្ដា បានបន្តថា បច្ចុប្បន្នវិទ្យាស្ថានមានផ្ទៃដីសរុបចំនូន ៧០៩៥ម៉ែត្រការ៉េ មានអគារសរុបចំនួន ៥អគារ ដែលបែងចែកជាអគារសិក្សា ២អគារ អគាររោងជាង១អគារ អគារអន្តេវាសិកដ្ឋាន១អគារ អគាររដ្ឋបាល១អគារ និងមានរោងជាងជួសជុលរថយន្តចំនួន១ ហើយសមិទ្ធិផលថ្មី ដាក់ឱ្យដំណើរការថ្ងៃនេះមានចំនួន ៣អគារ អគាររោងជាង និងជួសជុលអគាររដ្ឋបាល។

ចំពោះស្ថិតិសិក្ខាកាម សិស្ស និស្សិត ចំនួនសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតវិញ្ញាបនបត្រចាប់ពីឆ្នាំ២០១៤-២០២២ សរុបមានចំនួន៦៥២១នាក់ ស្រីចំនួន៣១៨២នាក់។ ហើយអត្រាមានការងារធ្វើ អត្រាសិស្ស និស្សិត មានការងារធ្វើ ៩០% នៅវិស័យឯកជន និង១០% រៀនបន្ត ប្រកបការងារដោយខ្លួនឯង និងបម្រើការងារ ក្នុងវិស័យសាធារណៈ។

ជាមួយគ្នានេះ លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងថា សមិទ្ធផលប្រកប ដោយផ្លែផ្កា ដែលយើងទទួលបាននាថ្ងៃនេះ គឺជាសក្ខីភាពថ្មី មួយទៀតដែលបញ្ជាក់ឱ្យឃើញនូវការយកចិត្ត ទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងនិងពង្រីកវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងការ អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ក្នុងដំណាក់កាលថ្មីដែលយើងកំពុងធ្វើ សមាហរណកម្មទៅក្នុងតំបន់ និងសាកលភាវូបនីយកម្មពិភពលោក។

ទន្ទឹមនឹងនេះ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាចាត់ទុកថាជាវិស័យអាទិភាពមួយផងដែរក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ និងប្រសិទ្ធភាពដូចចែងក្នុងយុទ្ធសាស្រ្តចតុកោណ។

លើសពីនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្តាល វិជ្ជាជិវៈ បាននិងកំពុងបន្តរៀបចំ និងដាក់ស្នើឱ្យអនុម័តលើផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញ ឆ្នាំ២០២២-២០៣៥ ដើម្បីពង្រឹងធនធានមនុស្សឱ្យមានជំនាញ និងសមត្ថភាពពិតប្រាកដ សម្រាប់បំពេញនូវតម្រូវការរបស់ វិស័យឯកជន ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ និងច្បាប់ស្តីពីការវិនិយោគឆ្នាំ២០២១។

លោកបណ្ឌិត ពេជ សោភ័ន សូមអំពាវនាវដល់គណៈគ្រប់គ្រងបុគ្គលិក សាស្ត្រាចារ្យនៃវិទ្យាស្ថានទាំងអស់ ឱ្យខិតខំប្រឹងប្រែងទ្វេរដងថែមទៀត ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាព ប្រសិទ្ធភាពអប់រំ ដើម្បីជាវិភាគទានដ៏ថ្លៃថ្លា ក្នុងការស្តារនិងការអភិវឌ្ឍន៍ធនធានមនុស្ស រួមទាំងការអភិវឌ្ឍន៍ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ដែលស្ថិតក្នុងកន្សោមអាទិភភាពនៃ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជាស្នូលយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបាន វាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូទាំងអស់នៃវិទ្យាស្ថាន ដែលបានខិតខំ និងបណ្តុះបណ្តាលក្មួយៗនិស្សិត សរុបចំនួន ២១១៦នាក់ ឲ្យបានបញ្ចប់ការសិក្សាដោយជោគជ័យទាំងនាថ្ងៃនេះផងដែរ៕