(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំរួមសមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៣ បានថ្លែងថា សមយុទ្ធនាគមាស ឆ្នាំ២០២៣ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើឱ្យកងទ័ពកម្ពុជា ចំណេញច្រើន ដោយទទួលបានបទពិសោធន៍ចំណេះដឹង ចំណេះធ្វើ ជាច្រើនពីភាគីកងទ័ពរំដោះប្រជាជនចិន ទាក់ទងទៅនឹងសកម្មភាពនៃប្រតិបត្តិកាសន្តិសុខ ក្នុងព្រឹត្តិការធំៗ និងការងារមនុស្សធ៌ម រួមទាំងរបៀបវីរៈផ្សេងៗគ្នាជាច្រើនទៀត រវាងកងទ័ពប្រទេសទាំងពីរ។

សមយុទ្ធនាគមាស ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» នៅទីលានបាញ់គ្រាប់ពិតនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅតំបន់ភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងឱកាសលោករួមជាមួយនាយឧត្តមសេនីយ៍ សៅ សុខា​អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះពិនិត្យមើលការប្រុងប្រៀបរៀបចំមុនពិធីបើកជាផ្លូវការនូវសមយុទ្ធនាគមាស រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នៅទីលានបាញ់គ្រាប់ពិតនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅតំបន់ភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ។

ខណៈពិធីបើកសមយុទ្ធនឹងធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងឧត្តមសេនីយ៍ទោ ឈិន មិនធានន នាយរងសេនាធិការកងទ័ពជើងគោកតំបន់ខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា ការធ្វើសមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន ឆ្នាំ២០២៣នេះ មិនមែនជាការគំរាមកំហែងដល់ប្រទេសណា ឬបុគ្គលណាមួយឡើយ ហើយសមយុទ្ធនេះ នឹងធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងសមត្ថភាព ដល់កងទ័ពកម្ពុជាតែប៉ុណ្ណោះ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ការធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៣នេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមករវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិនហើយ ក៏ដើម្បីពង្រឹងសមត្ថភាព ដល់កងទ័ពកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា ការធ្វើលំហាត់សមយុទ្ធនាគមាសនេះ គឺមិនមែនជាការដំឡើងសាច់ដុំ ឬគំរាមកំហែងដល់ប្រទេសណាមួយ ឬបុគ្គលណាមួយឡើយ។ ខណៈដែលប្រទេសជិតខាងកម្ពុជា ក៏មានការធ្វើសមយុទ្ធដូចគ្នានេះដែរ ដូចជាការធ្វើសមយុទ្ធរវាងកងទ័ពអាមេរិក និងសម្ព័ន្ធមិត្ត ជាមួយកងទ័ពប្រទេសថៃ ជាដើម។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ដែរថា លំហាត់សមយុទ្ធនាគមាសនេះ ក៏នឹងមានការរៀបចំខ្លឹមសារសមយុទ្ធ ជាកម្លាំងទ័ពពិត ធ្វើការចល័តតាមទីតាំងដោយផ្សារភ្ជាប់ និងស្ថានភាពជាក់ស្ដែង ព្រមបែងចែកជាដំណាក់កាលនីមួយៗ ទៅតាមភាពជាក់ស្ដែង។

ជំនួសមុខឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងនូវការលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងថ្នាក់ដឹកនាំធ្វើលំហាត់សមយុទ្ធនៃកងកម្លាំងប្រទេសទាំងពីរកម្ពុជា-ចិន ដែលបានសហការគ្នាយ៉ាងល្អរៀបចំប្រតិបត្តិការលំហាត់នាគមាសឆ្នាំ ២០២៣នេះ ប្រកបទៅដោយភាពរលូន។

គួរឱ្យដឹងថា សមយុទ្ធនាគមាស ឆ្នាំ២០២៣ ជាលើកទី៥ រួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមជាផ្លូវការ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ។ សមយុទ្ធនាគមាសនេះ ធ្វើឡើងរយៈពេល ១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។

សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន គឺបានធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺមានបានចំនួន៤ លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨, ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២ដោយសារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩៕