(ព្រៃវែង)៖ លោក អ៊ុក សេរីវុធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង បានថែ្លងថា ការហូរចូលនៃសិល្បៈវប្បធម៌បរទេស មានទាំងវិជ្ជមាន និងអវិជ្ជមាន ដែលប្រការនេះតម្រូវឲ្យប្រជាជនគ្រប់រូប ត្រូវមានកាតព្វកិច្ចជាចាំបាច់ក្នុងការរួមចំណែកការពារវប្បធម៌ ដោយឈរលើមូលដ្ឋាននៃ ការអភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋានអភិរក្ស។

ការលើកឡើងរបស់ប្រធានមន្ទីរវប្បធម៌ខេត្តព្រៃវែង គឺនៅក្នុងឱកាសនេះការប្រារព្ធពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទយុវជនដើម្បីវប្បធម៌ជាតិ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង។

លោកប្រធានមន្ទីរ បន្តថា សកម្មភាពទាំងនេះ ជាការបង្កើតនូវផលិតផលវប្បធម៌ថ្មីៗទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ប្រជាជនក្នុងការប្រើប្រាស់ផលិតផលវប្បធម៌ក្នុងស្រុក និងជាការរួមចំណែកកាត់បន្ថយការប្រើប្រាស់ វប្បធម៌បរទេស និងការហូរចូលឥតឈប់ឈរនៃវប្បធម៌អវិជ្ជមាន ព្រមទាំងអាចរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងការលើកកម្ពស់កិត្យានុភាពវប្បធម៌របស់ជាតិ ស្របតាមគោលដៅ កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌ រួមជាមួយយុទ្ធសាស្ត្រទេសចរណ៍ កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ។

លោក អ៊ុក សេរីវុធ បានថ្លែងថា «យើងទាំងអស់គ្នាបានដឹងហើយថា បច្ចុប្បន្ននេះប្រទេសនានាលើពិភពលោកកំពុងអនុវត្តនយោបាយ សកលភាវូបនីយកម្ម ស្របគ្នានេះដែរ ប្រទេសក្នុងសហគមន៍អាស៊ាន ក៏កំពុងធ្វើសមារហណកម្មលើគ្រប់ វិស័យ និងដោយឡែកលើវិស័យសិល្បៈវប្បធម៌សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមរៀងៗខ្លួន។ ដោយហេតុនេះហើយ ទើបរាជរដ្ឋាភិបាលបង្កើតទិវាវប្បធម៌ជាតិ ៣ មីនា នេះឡើងចំនួន ២៤ លើករួចមកហើយ ហើយឆ្នាំនេះ គឺជាឆ្នាំ លើកទី ២៥ នៃការប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា ដើម្បីជំរុញលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការ សង្គមស៊ីវិល បងប្អូនប្រជាពលរដ្ឋ រួមគ្នាធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបអំពីសិល្បៈវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាស្នាដៃសិល្បៈ កើតចេញពីកម្លាំងពលកម្ម និងបញ្ញាពលកម្មពិតៗ របស់សិល្បកររៀមច្បង និងយុវសិល្បករយើង ជាសិស្ស និស្សិតនៅតាមគ្រឹះស្ថានសិក្សានានា បានបង្ហាញអំពីគំនិតច្នៃប្រឌិត និងភាពប៉ិនប្រសប់ក្នុងវិស័យសិល្បៈវប្បធម៌របស់ខ្លួន ដែលមានឈាមជ័រសិល្បៈបន្តពីដូនតា ជូនដល់ប្រជាជាតិទាំងក្នុង និងក្រៅប្រទេសបានស្គាល់ យល់ជ្រួតជ្រាប និងជាពិសេសក្នុងស្រទាប់យុវវ័យ ដើម្បីបង្កើនការចូលរួមថែរក្សា ការពារសម្បត្តិវប្បធម៌ខ្មែរដែលជាដួងព្រលឹង ជាអត្តសញ្ញាណជាតិប្រកបដោយកិត្យានុភាព និងភាពថ្លៃថ្នូរ»

លោកប្រធានមន្ទីរ បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការជាតិ អន្តរជាតិ និងវិស័យឯកជននានាក្នុងខេត្តទាំងមូល មេត្តារួមគ្នារិះរកវិធីជំរុញលើកទឹកចិត្តដល់យុវជនដែលជាអ្នកបន្ត វេនមានការចូលរួមដោយស្មារតីស្រលាញ់សិល្បៈវប្បធម៌ជាតិខ្លួនទាំងវ័យកុមារ រហូតដល់យុវវ័យ ដើម្បីធ្វើឲ្យសិល្បៈវប្បធម៌យើងមាននិរន្តភាពក្នុងផ្នត់គំនិតយុវជន និងមហាជនគ្រប់លំដាប់ថ្នាក់ក្នុងន័យ «វប្បធម៌ដើម្បី អប់រំ» ព្រមទាំងរូបគ្នាជាធ្លុងមួយធ្វើសកម្មភាពបំផុសស្មារតីទិវាវប្បធម៌ជាតិនេះ និងខ្លឹមសារនៃទិវានេះ បានដាស់រំលឹកស្មារតីស្នេហាជាតិ ស្នេហា វប្បធម៌ជាតិស្ថិតស្ថិរជានិរន្តរ៍ក្នុងអារម្មណ៍ប្រជាពលរដ្ឋខ្មែរយើងម្នាក់ៗគ្រប់ពេលវេលា៕