(កោះកុង)៖ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣នេះ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា សហការជាមួយ Mandai Nature និងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលែងអណ្ដើកហ្លួងឬអណ្ដើកសរសៃចំនួន ២០ក្បាលចូលក្នុងទីជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្ដើកហ្លួងនៃអង្គការ WCS បានថ្លែងថា «អណ្ដើកហ្លួងទាំង ២០ក្បាល (ឬហៅតាមឈ្មោះវិទ្យាសាស្រ្តថា the Southern River Terrapins (Batagur affinis) ដែលបានលែងថ្ងៃនេះ ត្រូវបានក្រុមអភិរក្សប្រមូលយកក្រោយពីបានញាស់ពីសំបុកដែលបានការពារតាមដងព្រែកស្រែអំបិល​ ​និងព្រែកកំពង់សីលា ក្នុងខេត្តកោះកុង និងព្រះសីហនុ ចន្លោះពីឆ្នាំ២០០៦ ដល់ ២០១៦ បន្ទាប់មកបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ដើម្បីចិញ្ចឹមថែទាំឲ្យធំលូតលាស់មុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ»។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានថ្លែងថា៖ «ខ្ញុំបាទសូមសាទរយ៉ាងក្រៃលែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន បងប្អូនជាប្រជាពលរដ្ឋ និងជាពិសេស អង្គការ WCS ដែលបាននិងកំពុងស្ដារប្រភេទដែលកំពុងរងគ្រោះនេះឲ្យមានវត្តមានក្នុងដែនទឹកធម្មជាតិនេះឡើងវិញ»

លោកបានបន្ថែមថា «ក្នុងឆ្នាំ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចដាក់បញ្ចូលប្រព័ន្ធព្រែកស្រែអំបិលនិងព្រៃលិចទឹកតាមដងព្រែក ក្នុងប្រកាសលេខ ១៣៣ ស្ដីពីការបង្កើតតំបន់គ្រប់គ្រងអណ្ដើកហ្លួង ឬអណ្ដើកសរសៃ និងក្រពើត្រី។ ដូច្នេះ រាល់ការកាប់ទន្ទ្រានព្រៃលិចទឹកតាមដងព្រែកដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺជាទង្វើល្មើសច្បាប់ជលផល»

លោកវិបុល ក៏បានក្រើនរំលឹកដល់សហគមន៍មូលដ្ឋាន ឱ្យជៀសវាងការជួញដូរប្រភេទសត្វដ៏កម្រនេះ។

បណ្ឌិត សុនចា ឡូហ្ស (Dr. Sonja Luz) នាយក Mandai Nature បានគូសបញ្ជាក់ថា៖ «យើងខ្ញុំសូមចូលរួមអបអរសាទររាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងអង្គការ WCS ដែលបានខិតខំប្រឹងប្រែងរួមគ្នាការពារនិងអភិរក្សអណ្ដើកហ្លួងទាំងនេះ។ ការលែងសអណ្ដើកហ្លួងបន្ថែមទៀតចូលទៅក្នុងទីជម្រកធម្មជាតិ បានបង្ហាញពីជោគជ័យនៃកិច្ចប្រឹងប្រែងអភិរក្សដោយមានការចូលរួមបានយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ។ ការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាននិងសហគមន៍ ពិតជាមានសារៈសខាន់ក្នុងការធានាដល់កំណើនប្រភេទនេះនៅក្នុងទីជម្រកធម្មជាតិ»

អណ្ដើកប្រភេទនេះ ស្ថិតក្នុងប្រភេទអណ្ដើកគោក និងទឹកសាបចំនួន ២៥ប្រភេទដែលជិតផុតពូជបំផុតនៅលើពិភពលោក។ ប្រភេទអណ្ដើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអណ្ដើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឲ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រិត្យឆ្នាំ២០០៥។ ក្រុមអ្នកអភិរក្សជឿថា អណ្ដើកហ្លួងនេះ បានផុតពូជអស់ហើយនៅក្នុងប្រទេសកម្ពុជា តែរហូតដល់ឆ្នាំ២០០០ រដ្ឋបាលជលផល និងអង្គការ WCS បា​នរកឃើញសារជាថ្មីនូវប្រភេទអណ្ដើកហ្លួងនេះមួយចំនួនតូចនៅសេសសល់តាមដងព្រែកស្រែអំបិល។

ចាប់តាំងពីពេលនោះមក អង្គការ WCS និងរដ្ឋបាលជលផល បានសហការគ្នាការពារប្រភេទសត្វអណ្ដើកនេះកុំឲ្យផុតពូជ រួមមានកម្មវិធីការពារសំបុកអណ្ដើកហ្លួង ការចិញ្ចឹមថែទាំក្រោយពេលញាស់ ការពង្រឹងការអនុវត្តច្បាប់ ការពិនិត្យតាមដាន ការទប់ស្កាត់ការជួញដូរខុសច្បាប់ ការអប់រំផ្សព្វផ្សាយ និងការគាំទ្រលើជីវភាពរស់នៅរបស់សហគមន៍។ ការនេសាទខុសច្បាប់ ការបាត់បង់ទីជម្រក ការធ្វើអាជីវកម្មខ្សាច់ និងការកាប់បំផ្លាញព្រៃលិចទឹកនៅតាមប្រព័ន្ធព្រែកស្រែអំបិល បាននឹងកំពុងតែគម្រាមកំហែងដល់ការរស់រាន និងការបង្កកំណើតរបស់សត្វប្រភេទនេះ។

ការលែងអណ្ដើកនេះគឺជាផ្នែកមួយនៃគម្រោងអភិរក្សអណ្ដើកហ្លួងគាំទ្រដោយ សហភាពអឺរ៉ុប (២០១៩ - ២០២២) និងម្ចាស់ជំនួយផ្សេងទៀតមានដូចជា Mandai Nature, US Forest Service, US Fish and Wildlife Service, Rainforest Trust, United States Forest Service, Allan & Patricia Koval Foundation, USAID Feed the Future, and Turtle Survival Alliance។ គម្រោងនេះអនុវត្តដោយអង្គការ WCS សហការជាមួយរដ្ឋបាលជលផល។

ការលែងអណ្ដើកហ្លួងនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរយៈពេលជិតពីរទស្សវត្សរ៍ក្នុងការការពារសំបុកអណ្ដើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្ដើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការការពារសត្វអណ្ដើកនៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិល ដែលគាំទ្រដោយម្ចាស់ជំនួយមានរាយនាមដូចខាងលើ។ ចាប់តាំងពីឆ្នាំ ២០១៥មក នេះជាការលែងអណ្ដើកហ្លួងលើកទីប្រាំពីរចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ដែលសរុបទាំងប្រាំពីរលើកនេះមានចំនួន ១៦៧ក្បាល៕