(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបំភ្លឺ២ចំណុច ហើយស្នើអ្នកបំពុលសង្គមទាំងឡាយ បញ្ឈប់ការផ្សាយព័ត៌មានបំភ្លៃការពិតតទៅទៀត ទាក់ទងនឹងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ក្នុងកម្មវិធីនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែមីនានេះ។

តាមរយៈបណ្តាញសង្គម លោក ប៉ែន បូណា បានបង្ហាញរូបភាពត្រឹមត្រូវមួយចំនួន ដោយលើកឡើងថា «នេះជារូបភាពមួយចំនួនក្នុងកម្មវិធីព្រឹកមិញ ដែលបញ្ជាក់ថា ពិធីការត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ គឺមិនដូចមនុស្សមួយចំនួនផ្សាយបំភ្លៃការពិតនោះឡើយ។

ទី១៖ ព្រះមហាក្សត្រគង់ជាព្រះរាជ្យអធិបតីនៅខាងមុខគេបង្អស់។ បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអង្គុយជួរខាងក្រោយ។

ទី២៖ ក្លស់ត្រូវបានបាំងជូនព្រះមហាក្សត្រ។ ប៉ុន្តែ ដោយសារពេលព្រឹកថ្ងៃទើបរះពីទិសខាងកើត អ្នកបាំងក្លស់ត្រូវរកទីតាំងបាំងពីខាងកើតដើម្បីឲ្យមានម្លប់ទៅលើព្រះអង្គ។ ចំណែកសម្តេចតេជោ មិនមានម្លប់នៅលើមុខទេ ដូចរូបថតបានបញ្ជាក់។ នៅក្នុងឃ្លីបវីដេអូ គេថែមទាំងឃើញសម្តេចតេជោទាញដៃអ្នកបាំងក្លស់ ឲ្យចូលកៀកព្រះមហាក្សត្រថែមទៀតផងទោះជាសម្តេចនៅកណ្តាលថ្ងៃក៏ដោយ។

ដូច្នេះ សូមអ្នកបំពុលសង្គមទាំងឡាយបញ្ឈប់ការផ្សាយព័ត៌មានបំភ្លៃការពិតតទៅទៀត»៕