(ភ្នំពេញ)៖ លោក លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ គ្រោងដំណើរការក្នុងពេលដ៏ឆាប់ខាងមុខនេះ ស្របពេលដែលបានសាងសង់ខ្សែបញ្ជូនអគ្គិសនីពីខេត្តឧត្តរមានជ័យ ទៅកាន់អនុស្ថានីយខាងកើតសៀមរាប បានធ្វើរួចរាល់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តឧត្តរមានជ័យ» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ លោក ប៉ែន កុសល្យ បានថ្លែងឲ្យដឹងថា ក្រុមការងារខេត្ត និងក្រុមការងារថ្នាក់ជាតិ កំពុងជំរុញធ្វើយ៉ាងណាឲ្យខេត្តឧត្តរមានជ័យ មានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្នា គ្រប់ភូមិ ឃុំ ជាការរំពឹងទុកអាចក្នុងអំឡុងខែមិថុនា ឬខែកក្កដាខាងមុខនេះ។

លោកបានបញ្ជាក់ថា ចំពោះរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ នឹងគ្រោងដំណើរការក្នុងពេលខាងមុខនេះ តែចំពោះការផ្ដល់ការផ្គត់ផ្គង់ គឺផ្ដល់ទៅកាន់ខេត្តខេត្តសៀមរាប បន្ដបន្ទាប់នឹងបញ្ជូនមកកាន់អនុស្ថានីយនៅសំរោង ដើម្បីផ្គត់ផ្គង់ក្នុងខេត្តឧត្តរមានជ័យ។

លោកបានបន្ថែមថា មានសំណួរជាច្រើនបានចោទសួរថា ហេតុអ្វីបានជាការផ្គត់ផ្គង់អគ្គិសនីដើរដោយថាមពលធ្យូងថ្ម ធ្វើទៅកាន់ខេត្តសៀមរាប? លោកពន្យល់ថា កាលមុនពេលមានជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាប ការផ្គង់ផ្គង់អគ្គិសនីមិនគ្រប់គ្រាន់ ដូច្នេះរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម តបណ្ដាញទៅកាន់ខេត្តសៀមរាប និងបន្ដមកកាន់អនុស្ថានយ៍នៅសំរោង។

សូមជម្រាបថា ការបង្កើតរោងចក្រអគ្គិសនី ដោយថាមពលធ្យូងថ្ម នឹងផ្គត់ផ្គង់ថាមពលបាន ២៦៣គីឡូវ៉ាត់ មានទីតាំង
ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ មានផ្ទៃដីទំហំ២១២ហិកតា៕