(ភ្នំពេញ)៖ ពិធីបុណ្យកាត់ប្ញសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្គដ្ឋបូរី នឹងត្រូវធ្វើឡើង ក្នុងរយៈពេល៣យប់៤ថ្ងៃ ពោលគឺចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ហើយពិធីបុណ្យនេះ ត្រូវធ្វើឡើងដោយភាពអធឹកអធម រីករាយជាមួយនឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរបំផុត។

នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យកាត់ប្ញសសីមាព្រះវិហារ វត្តព្រះបារមីវង្គដ្ឋបូរី ដែលមានទីតាំងក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា វត្តព្រះបារមីវង្គដ្ឋបូរី ជាទីអារាមមួយ ដែលបានតំកល់ធាតុមាតាបិតារបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទីវត្តនេះ នឹងត្រូវធ្វើពិធីបុណ្យកាត់ប្ញសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ពោលគឺថ្ងៃ២៤មេសា ជាថ្ងៃកាត់ប្ញសសីមា ដែលនឹងគ្រោងធ្វើឡើង ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

នាយឧត្តមសេនីយ៍ បានបន្តទៀតថា ពិធីបុណ្យនេះ ត្រូវធ្វើឡើងឲ្យបានអធឹកអធម៌ ទាំងការនិមន្តព្រះសង្ឃ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំទីធ្លា អនាម័យ បរិស្ថាន និងសោភណ្ឌភាព អោយសមទៅនឹងការគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះមាតា បិតា របស់សម្តេច ដែលតំកល់ធាតុនៅវត្តនេះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានលើកឡើងពីការកសាងព្រះវិហារនៃវត្តព្រះបារមីវង្គដ្ឋបូរី ដោយព្រះវិហារវត្តនេះ ត្រូវបានកសាងឡើងវិញនៅថ្ងៃទី០៧ ធ្នូ ឆ្នាំ២០១៦ ហើយបានបញ្ចប់នៅក្នុងឆ្នាំ២០២២ ដោយចំណាយថវិកាអស់ប្រមាណជាង១លានដុល្លារ។ នេះមិនបានគិតបញ្ចូលពីការចំណាយលើការកសាងសមិទ្ធផលនានា នៅក្នុងបរិវេនវត្តនេះនោះទេ។

លោក ឃួង ស្រេង បានបន្តថា ក្នុងពិធីបុណ្យ៣យប់៤ថ្ងៃនេះ ជាគម្រោងនឹងរៀបចំក្រុមសិល្បៈកំសាន្តជាច្រើនក្រុម ដើម្បីសម្តែងជូនទស្សនជនបានមើលកំសាន្តផងដែរ ដែលមានទាំងក្រុមល្ខោនបាសាក់, ចាប៉ីដងវែង, អាយ៉ៃឆ្លើយឆ្លង និងការប្រគុំតន្ត្រីជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះ ចាំការសម្រេចពីគណកម្មាធិការបុណ្យជាតិជាមុនសិន។

គួរបញ្ជាក់ថា ដើម្បីឲ្យដំណើរការ នៃការរៀបចំពិធីបុណ្យដ៏ធំនេះ ដំណើរការទៅដោយរលូន កាលពីសៀលថ្ងៃទី១៥ មីនា ឆ្នាំ២០២៣កន្លងមកនេះ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរដែនដី ចុះពិនិត្យមើលទីតាំង នៅក្នុងបរិវេណវត្តវត្តព្រះបារមីវង្គដ្ឋបូរីនេះផងដែរ ដើម្បីត្រៀមរៀបចំឲ្យបានប្រសើរឡើង ដោយគិតគូទាំងសណ្តាប់ធ្នាប់ របៀបរៀបរយនិងបរិស្ថាន ទីតាំងធ្វើរោងសិល្បៈ ទីធ្លាចំណតយានយន្តជាដើម មានន័យថា នៅពេលកម្មវិធីចាប់ផ្តើម អ្វីៗ បានត្រៀមរៀបចំរួចជាស្រេច៕