(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានសហការជាមួយគ្រូស្ម័គ្រចិត្តជនជាតិចិនបើកបង្រៀនភាសាចិនកម្រិតបឋម និងចំណេះដឹងផ្សេងៗដោយឥតគិតថ្លៃ ដោយការបង្រៀនធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ (អគារថ្មី ជាន់ទី៦) រៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៦៖០០នាទី ដល់ ៧៖៣០នាទី។

គួរជម្រាបថា ការសិក្សាភាសាចិននេះគឺសិក្សាជាមួយគ្រូជនជាតិដើមផ្ទាល់តែម្ដង ដែលមានបទពិសោធន៍បង្រៀនជាង១៥ឆ្នាំនៅប្រទេសចិន មានវិធីសាស្ត្រក្នុងការបង្រៀនងាយយល់ ឆាប់ចេះ បរិយាកាសរីករាយ។

អ្នកគ្រូ គួ យ៉ាង (Guo Yang) ជាគ្រូជនជាតិដើមបង្រៀនភាសាចិននេះបានឱ្យដឹងថា ការបង្រៀនភាសាចិនដល់សិស្សកម្ពុជានេះ គឺជាការងារស្ម័គ្រចិត្តសុទ្ធសាធ មិនយកប្រាក់កម្រៃ ថែមទាំងផ្ដល់នូវចំណេះដឹងផ្សេងៗដល់សិស្សបន្ថែមទៀត ដូចជា វប្បធម៌ សិល្បៈ ក៏ដូចជាទម្លាប់នៃការរស់នៅរបស់ប្រជាជនចិនជាដើម។

អ្នកគ្រូ គួ យ៉ាង បានបន្តថា ការបង្រៀនភាសាចិននេះគឺធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ (អគារថ្មី ជាន់ទី៦) រៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៦៖០០នាទី ដល់ ៧៖៣០នាទី ក្នុងនោះមានគ្រូបង្រៀនចំនួន៣នាក់ ដោយអ្នកគ្រូ គួ យ៉ាង គឺជាគ្រូបង្គោល និងមានគ្រូជំនួយ២នាក់ទៀត។​

ការចូលរួមដោយស្ម័គ្រចិត្តនេះដែរ ដោយសារអ្នកគ្រូ គួ យ៉ាង និងសហការីចូលចិត្តវប្បធម៌ខ្មែរ ស្រឡាញ់ប្រជាជនខ្មែរ ចង់ឱ្យប្រជាជនខ្មែរចេះភាសាចិន ស្គាល់វប្បធម៌ចិន ពិសេសគឺងាយស្រួលជាមួយជនជាតិចិនដែលមកទេសចរណ៍ ឬមកវិនិយោគនៅប្រទេសកម្ពុជា។ ម្យ៉ាងទៀត អ្នកគ្រូក៏ចង់ចូលរួមចំណែកជាមួយក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់សេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរចិន និងទាក់ទាញភ្ញៀវទេសចរមកពីប្រទេសចិនបន្ថែមផងដែរ។

គ្រូស្ម័គ្រចិត្តរូបនេះបានបន្តទៀតថា ក្រៅពីស្គាល់អក្សរ ស្គាល់ពាក្យ និងចេះប្រើភាសាចិនកម្រិតបឋម សិស្សក៏នឹងទទួលបានចំណេះដឹងទាក់ទងទៅនឹងវប្បធម៌ សិល្បៈ ក៏ដូចជាទម្លាប់នៃការរស់នៅរបស់ប្រជាជនចិនជាដើម។

បើតាមការបញ្ជាក់បន្ថែម អ្នកគ្រូ គួ យ៉ាង ចង់ឱ្យទេសចរចិនមកលេងប្រទេសកម្ពុជាឱ្យកាន់តែច្រើន ម្យ៉ាងទៀតក៏ចង់ឱ្យប្រជាជនកម្ពុជាបានស្គាល់ពីភាសា និងវប្បធម៌ចិនផងដែរ។ ដូច្នេះនាពេលខាងមុខ អ្នកគ្រូនឹងបង្រៀនភាសាចិនដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដោយអ្នកគ្រូគឺមានបច្ចេកទេសធ្វើឱ្យសិស្សងាយយល់ និងចងចាំបានក្នុងរយៈពេលខ្លី ហើយសិស្សក៏នឹងអាចណែនាំពីខ្លួនឯង និយាយអំពីវប្បធម៌ខ្មែរទៅកាន់ភ្ញៀវទេសចរចិន។

កញ្ញា ឈុន សុខជីងជីង ជាសិស្សរៀនភាសាចិនជាមួយអ្នកគ្រូ គួ យ៉ាង ដែរនោះ បានបញ្ជាក់ថា កញ្ញាបានចូលរៀនភាសាចិននេះប្រមាណ១ខែមកហើយ ដែលកញ្ញាចេះអានស្រៈ ព្យញ្ជនៈ អក្សរចិន និងទទួលបានចំណេះដឹងផ្សេងៗទៀត។ គោលបំណងរបស់កញ្ញា ជីងជីង គឺចង់និយាយភាសាចិនឱ្យបានល្អ ដើម្បីប្រើប្រាស់ក្នុងការប្រកបមុខរបរនៅថ្ងៃអនាគត ពិសេសការទំនាក់ទំនងជាមួយភ្ញៀវទេសចរចិន។

កុមារា ណាល់ ឧត្តម ជាសិស្សមកពីសាលាបឋមសិក្សាអនុវត្តរាជធានីភ្នំពេញ បានបញ្ជាក់ថា រូបគេបានចូលរៀនភាសាចិននៅទីស្ដីការក្រសួងទេសចរណ៍នេះបានប្រមាណ២សប្ដាហ៍មកហើយ ហើយកំពុងប្រឹងប្រែងរៀនអានស្រៈនិងព្យញ្ជនៈនៃអក្សរចិន។ ការសិក្សាជាមួយអ្នកគ្រូ គួ យ៉ាង គឺមិនតានតឹងនោះឡើយ ពោលគឺងាយយល់ ឆាប់ចាប់បាន និងបង្កបរិយាកាសរីករាយ។

ក្នុងវ័យត្រឹមតែ១១ឆ្នាំ ឧត្តម ខំស្កាត់ពីផ្ទះនៅម្ដុំទឹកថ្លាដើម្បីរៀនភាសាចិននៅទីស្ដីក្រសួងទេសចរណ៍នេះដោយមិនរុញរានោះឡើយ នេះក៏ព្រោះតែចង់ចេះភាសាចិនឱ្យបានល្អ ដើម្បីជាស្ពានចម្លងបន្តទៅដល់ការសិក្សាកម្រិតបន្ទាប់ទេ។

សូមជម្រាបថា យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ វគ្គបណ្តុះបណ្តាភាសាចិននេះ គឺដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងចូលរួមជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសត្រៀមទទួលភ្ញៀវទេសចរចិន។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ក្នុងការចូលរៀនភាសាចិននេះ សូមស្តេន QR Code ខាងក្រោមដើម្បីចុះឈ្មោះ ឬទំនាក់ទំនងតាមរយៈតេឡេក្រាម៖ 015 511 116 / 078 899 919៕