(ភ្នំពេញ)៖ មូលនិធិជាតិជាតិជំនួយសង្គម បានរៀបចំទទួលនូវអំណោយសម្ភារការិយាល័យ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានរៀបចំពិធីប្រគល់ទទួលសំភារៈការិយាល័យ ដែលជាអំណោយរបស់សាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងរដ្ឋាភិបាលអូស្រ្តាលី។

សំភារៈទាំងអស់នោះរួមមាន ឧបករណ៍អេឡិចត្រូនិកសរុបចំនួន៥៩មុខ ក្នុងនោះមានៈកុំព្យូទ័រយួរដៃចំនួន២៧គ្រឿង(សម្រាប់អគ្គនាយក អគ្គនាយករង ប្រធាននិងអនុប្រធាននាយកដ្ឋាន) ម៉ាស៊ីនព្រីនចំនួន១២គ្រឿង (សម្រាប់អគ្គនាយក អគ្គនាយករង និង ប្រធាននាយកដ្ឋាន) ម៉ាស៊ីនថតចម្លងចំនួន៦គ្រឿង(សម្រាប់នាយកដ្ឋាននិងអង្គភាពចំណុះទាំង៦)ឧបករណ៍សម្រាប់សន្និសីទឬប្រជុំតាមប្រព័ន្ធអនឡាញចំនួន១ឈុត ទូរទស្សន៍ចំនួន៦ កាមេរ៉ានិងគ្រឿងបន្លាស់នានាចំនួន១ឈុត រួមទាំង តុ កៅអីការិយាល័យ សម្រាប់អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានសរុបថវិកាប្រមាណ70,000$ ជូនមូលនិធិជាតិជំនួយសង្គម សម្រាប់ដំណើរការងារប្រចាំថ្ងៃ ជាផ្លូវការ (ទឹកប្រាក់នេះស្ថិតក្នុងកញ្ចប់សម្រាប់ការពង្រឹងស្ថាប័ននៃប្រតិបត្តិករជំនួយសង្គម)។

លោក ឈួរ សុបញ្ញា ប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានលើកឡើងថា ការផ្តល់សម្ភារៈនេះផ្អែកលើ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាង Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) ដែលអនុវត្តដោយគម្រោង “ការកែលម្អការការពារសង្គម និងសុខភាព (ISPH)” និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទារបស់រដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់ ដែលមានប្រសិទ្ធភាពចាប់តពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(BMZ) និងនាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី។

លោកបន្តថា ជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធនេះ GIZ ក៏ផ្តល់ការអភិវឌ្ឍន៍ សមត្ថភាពដល់មន្ត្រីនៃមូលនិធិជាតិជំនួយសង្គម និងក្រសួងសង្គមកិច្ចផងដែរ ដោយផ្តល់វគ្គបណ្តុះបណ្តាលទាំងទ្រឹស្តីនិងបច្ចេកទេស រួមទាំងការបង្វឹកក្នុងពេលអនុវត្តការងារ តាមរយៈការផ្តល់ទីប្រឹក្សា ក្នុងគោលបំណងគាំទ្រដល់ការ ផ្តល់កិច្ចអន្តរាគមន៍ជំនួយសង្គមនិងពង្រឹងនូវប្រសិទ្ធភាព នៃការផ្តល់នូវសេវាដល់អ្នកទទួលផលឲ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល។

លោក ឈួរ សុបញ្ញា ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលនិងប្រជាជនអាល្លឺម៉ង់ និងអូស្ត្រាលី ដែលតែងតែគាំទ្រដល់រដ្ឋាភិបាលនិងប្រជាជនកម្ពុជាជាច្រើនវិស័យ។

អគ្គនាយកមូលនិធិជាតិជំនួយសង្គមរូបនេះ ក៏បានស្នើសុំឲ្យដៃគូភាគីទាំងអស់ អាល្លឺម៉ង់ និងអូស្ត្រាលី បន្តជួយគាំទ្រដល់មូលនិធិជាតិជំនួយសង្គម ទាំងសំភារៈនិងបច្ចេកទេស ដើម្បីឲ្យមូលនិធិជាតិជំនួយសង្គម ក្លាយជាស្ថាប័នផ្តល់សេវាប្រកប ដោយគុណភាព ប្រសិទ្ធភាព និង ទំនើបនូបណីយកម្ម ក្នុងការផ្តល់សេវាជំនួយសង្គមតាមបែបឌីជីថល៕