(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាល​ស្រុកស្ទោង បានលើកទឹកចិត្តឲ្យសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតភ្លឺស្វាង និងជាសរសទ្រូងប្រទេសជាតិ។

លោក សាយ គឹមឡម បានអំពាវនាវដូច្នេះក្នុងឱកាសដែលលោក និងសហការី អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅបឋមសិក្សាប្រគាប ឃុំម្សាក្រង ស្រុកស្ទោងខេត្តកំពង់ធំ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា ការសិក្សាពិតជាមានតម្លៃណាស់ ព្រោះជាចំណេះដឹង និងជាទ្រព្យពិតប្រាកដ ដែលនៅជាប់ខ្លួនយើង អាចឲ្យយើងប្រើប្រាស់បានគ្រប់កាលៈទេសៈ និងនាំឲ្យយើងឈានទៅរកអនាគតភ្លឺស្វាងត្រចះត្រចង់ផងដែរ។

ជាមួយគ្នានេះ លោកបានកោតសរសើរលោកនាយក លោកគ្រូ អ្នកគ្រូ ដែលបានគ្រប់គ្រងដឹកនាំអង្គភាព និងបង្ហាត់បង្រៀនសិស្សានុសិស្សប្រកបដោយវីជ្ជាជីវៈ ប្រកបដោយស្មារតីទទួលខុសត្រូវ ហើយត្រូវបន្តវប្បធម៌នេះតទៅទៀត ជាពិសេសត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែប្រសើរឡើងដើម្បីឲ្យសាលារៀនមានវឌ្ឍនភាពជាលំដាប់។

លើសពីនេះ លោកអភិបាលស្រុកក៏បានកោតសរសើរ និងថ្លែងអំណរគុណក្រៃលែង ដល់អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានាដែលតែងតែសហការជាមួយរដ្ឋបាលស្រុកស្ទោង ក្នុងការធ្វើកិច្ចការមនុស្សធម៌ សុខុមាលភាពសង្គមជាពិសេសការសង្គ្រោះពលរដ្ឋងាយរងហានិភ័យឲ្យបានប្រសើរឡើង។

គួរបញ្ជាក់ថា ថវិកា និងសម្ភារសិក្សា ព្រមទាំងគ្រឿងឧបភោគបរិភោគដែលចែកជូននៅពេលនេះជាអំណោយរបស់លោកសាយ គឹមឡម និងលោក ទៀ ឆាយវេង (Histar TSL) អ៊ីម៉ុម លក់សាច់ក្រកឆ្ងាញ់ទល់មុខវត្តឈើទាល និង
លោក ឆោម ឆៃរិត ថៅកែគ្រឿងចក្រ និងលោកមេភូមិប្រគាប ជូនប្រជាពលរដ្ឋ៣០នាក់ ដែលម្នាក់ៗទទួលបាន មីមួយកេស ទឹកត្រីមួយយួរ ត្រីខរមួយយួរ ស្ករសកន្លះគីឡូក្រាម ក្រមាមួយ សារុងមួយ ប៊ីចេងមួយថង់ ខ្ទឹមកន្លះគីឡូក្រាម និងថវិកា១ម៉ឺនរៀល និងសម្ភារសិក្សាជូនសិស្សានុសិស្សនាក់៩៥នាក់ ដែលម្នាក់ទទួលបាននូវ សៀវភៅបីក្បាល ប៊ិចពីរដើម ខ្មៅដៃមួយដើម បន្ទាត់មួយ គូល័រមួយប្រអប់ និងថវិកា២ពាន់រៀល។