(កំពង់ធំ)៖ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានចេញមកច្រានចោលការចោទប្រកាន់ថា លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ ជាប់ពាក់ព័ន្ធការចោទប្រកាន់របស់ប្រជាពលរដ្ឋ៣៦៧គ្រួសារ រស់នៅតំបន់វាលស្រង៉ែ បានកាត់យកដីដែលសម្ដេចតេជោ ហ៊ុន សែន ឆ្វៀលជូនប្រជាពលរដ្ឋទៅឲ្យឈ្មួញឯកជន។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ បានពន្យល់ថា៖

*ទី១៖ ការកាត់ឆ្វៀលដីពីតំបន់៣ មកតំបន់២ គឺរដ្ឋបាលខេត្ត និងក្រុមការងារអន្តរក្រសួង អនុវត្តយ៉ាងត្រឹមត្រូវ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ការកាត់ឆ្វៀលដីនេះ គឺកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ដែលធ្លាប់បាននិងកំពុងកាន់កាប់ អាស្រ័យផលជាក់ស្តែង មិនមែនជាការបែងចែកដីជូនប្រជាពលរដ្ឋដែលខ្វះខាតដីនោះទេ។

*ទី២៖ លោក ម៉ោញ នួន តំណាងប្រជាពលរដ្ឋ នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ធ្លាប់បានស្នើសុំអន្តរាគមន៍ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយក្រសួងបានចាត់ក្រុម ការងារចុះអង្កេតស្រាវជ្រាវ និងប្រជុំជាមួយភាគីពាក់ព័ន្ធ។ ក្រោយពីការចុះអង្កេតស្រាវជ្រាវ ក្រសួងក៏បានបដិសេធការស្នើសុំអន្តរាគមន៍នេះ តាមរយៈលិខិតលេខ ០៧២ ដនស ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចរាល់ហើយដែរ។

*ទី៣៖ ទីតាំងដីតំបន់វាលស្រង៉ែនេះ ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យ និងសជណ កាត់ឆ្វៀលជូនប្រជាពលរដ្ឋ ដែលធ្លាប់កាន់កាប់ អាស្រ័យផលកន្លងមក។ បច្ចុប្បន្នទីតាំងដីតំបន់វាលស្រង់នេះ ត្រូវបានប្រជាពលរដ្ឋដែលធ្លាប់ បានកាន់កាប់ អាស្រ័យផលកន្លងមកបាននឹងកំពុងអាស្រ័យផលនៅលើដីនោះ ដោយគ្មានការរំខានពីស្ថាប័នមាន សមត្ថកិច្ចឡើយ។

ដោយឡែកគ្រួសារប្រជាពលរដ្ឋមួយចំនួន ក្នុងចំណោម ៣៦៧គ្រួសារ ក៏បាននិងកំពុងកាន់កាប់ អាស្រ័យផលនៅតំបន់វាលស្រង់នេះដែរ រួមទាំងលោក ព្រីង ណាង តំណាងប្រជាពលរដ្ឋ ក៏មានដីទំហំ១៨ហិកតា នៅក្នុងតំបន់នោះដែរ៕