(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា សម្តេចបានចាប់ផ្តើមធ្វើកំណែទម្រង់ប្រទេសកម្ពុជា ចាប់តាំងពីកាន់តំណែងផ្លូវការជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៨៥ មកម្ល៉េះ ដោយមិនរង់ចាំទាល់តែមានសន្តិភាពពេញលេញនោះទេ។

ការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងគ្រាដែលសម្តេចអញ្ជើញអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «យើងមិនរង់ចាំទាល់តែមានសន្តិភាពពេញលេញ ទើបយើងធ្វើការកែទម្រង់នោះទេ ខ្ញុំអាចនិយាយបានថា ការរស់រានរបស់យើងខ្ញុំមកដល់ពេលនេះ គឺបានកើតចេញពីការកែទម្រង់នោះឯង»

សម្តេចបានបន្តថា៖ «ក្នុងជីវិតរបស់ខ្ញុំនេះ គឺជាជីវិតប្រឈមជាមួយគ្រោះថ្នាក់គ្រប់ពេល មិនមែនគ្រាន់តែមានបញ្ហាគ្រាន់តែជាបញ្ហាយកក្បាលខ្ញុំទៅដោះដូរជាមួយនឹងការរស់រានមានជីវិតចេញពីរបបខ្មែរក្រហមនោះឡើយ ហើយក៏មិនមែនការយកក្បាលរបស់ខ្ញុំទៅដោះដូរជាមួយសន្តិភាពដែលអុនតាក់មិនអាចសម្រេចបាននោះដែរ ប៉ុន្តែក្បាលរបស់ខ្ញុំ ក៏បានដោះដូរជាមួយកំណែទម្រង់ ដែលត្រូវបានធ្វើនៅពេលដែលខ្ញុំចាប់ផ្តើមតំណែងផ្លូវការជានាយករដ្ឋមន្ត្រី»

សម្តេចបានអះអាងថា នៅពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីពេលនោះ សម្តេចបានដាក់ចេញនូវកំណែទម្រង់ពីរសំខាន់ៗ ដោយក្នុងនោះមានកំណែទម្រង់ខាងនយោបាយ និងមួយទៀតគឺកំណែទម្រង់ខាងសេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ភាគីបារាំង ដែលបានផ្តល់ទីកន្លែងសម្រាប់ជំនួបដំបូង និងលើកទី២ រវាងសម្តេចតេជោ និងសម្តេចនរោត្តម សីហនុ នៅហ្វែអង់តាដឺន័រ និងនៅសាំសែមាំងអង់លេ ប្រទេសបារាំងផងដែរ ដែលជំនួបនេះ បានជំរុញឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ១៩៩១៕