(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់មួយរូបទៀត សុំមិនបញ្ចេញឈ្មោះបានឆ្លើយតបដោយបានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា ដោយសារភាពមិនម៉ត់ចត់របស់ មេដឹកនាំបក្សប្រឆាំងយ៉ាងនេះហើយ ទើបគណបក្សប្រជាជនកម្ពុជាព្រងើយកន្តើយ មិនអើពើចរចា មិនខ្ចីនិយាយរក, ព្រោះមេដឹកនាំបក្សប្រឆាំងនេះមានចរិតលីលា មួយថ្ងៃសុំចរចា មួយថ្ងៃរិះគន់វាយប្រហារមេដឹកនាំរាជរដ្ឋាភិបាល។

មន្ត្រីជាន់ខ្ពស់ដដែលរូបនោះបានបញ្ចប់ដោយពោលពាក្យថា «ទង្វើរបស់ សម រង្ស៊ី គឺគ្រាន់តែធ្វើឲ្យ កឹម សុខា និងអ្នកជាប់ឃុំផ្សេងទៀតកាន់តែលំបាក បន្ថែមទៀត។ ទុកឲ្យ សម រង្ស៊ី ឆ្កួតឡប់ម្នាក់ឯងចុះ»

ការប្រតិកម្មរបស់មន្រ្តីជាន់ខ្ពស់ បែបនេះធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានបង្ហាញនៅលើ Facebook ថា «ថ្ងៃនេះ និងថ្ងៃស្អែក គឺជាខួបទី ១៩ នៃរដ្ឋប្រហារ ថ្ងៃ ៥-៦ ខែកក្កដា ឆ្នាំ ១៩៩៧ នៅប្រទេសកម្ពុជា ដែលពេលនោះកងកម្លាំងប្រដាប់អាវុធគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន បានកម្ចាត់ កងកម្លាំងប្រដាប់អាវុធ គណបក្សហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយលោក ញឹក ប៊ុនឆៃ។ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីស្របច្បាប់ ត្រូវបានគេទម្លាក់ ពីតំណែង ក្នុងឱកាសរដ្ឋប្រហារនោះ»

ឆ្លើយតបនឹងការលើកឡើងរបស់លោក សម រង្ស៊ី ខាងលើនេះ ក៏ត្រូវបានលោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានអះអាងថា វាគឺជាព្រឹត្តិការណ៍មួយដើម្បីរៀបចំធានានូវសណ្តាប់ធ្នាប់សាធារណៈនៅក្រុងភ្នំពេញ និងសណ្ដាប់ធ្នាប់នយោបាយតែប៉ុណ្ណោះ ហើយលោក សម រង្ស៊ី កំពុងលូកលាន់រឿងអ្នកដទៃ និងកំពុងញុះញង់បង្ករឿង៕