(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញអំណរសាទរយ៉ាងកក់ក្តៅ និង បានកោតសរសើរ ដល់សិស្សសាលាអន្តរជាតិហ្សាម៉ាន់ ដែលបានខិតខំសិក្សារៀនសូត្រ និងដណ្តើមបានមេដាយជយលាភីជាបន្តបន្ទាប់ពីការប្រកួតប្រជែង  លំដាប់អន្តរជាតិមួយពីប្រទេសអាមេរិក ជូនជាតិមាតុភូមិ។

ការថ្លែងកោតសរសើរនេះ បានធ្វើឡើងក្នុងឱកាស ដែលលោករដ្ឋមន្រ្តី អនុញ្ញាតឲ្យសិស្ស និង ថ្នាក់ដឹកនាំសាលាអន្តរជាតិហ្សាម៉ាន់ ចូល ជួបសម្តែងការគួរសមនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងអប់រំ យុវជន និង កីឡា។

លោក ហង់ ជួនណារ៉ុន បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំ និង សិស្សសាលាអន្តរជាតិហ្សាម៉ាន់ ចូលជួបសម្តែងការគួរសម ក្រោយពេលសិស្ស សាលាអន្តរជាតិហ្សាម៉ាន់ ២០រូប បានដណ្តើមមេដាយពីការប្រកួតប្រជែង Genius Olympiad នៅទីក្រុងញូវយ៉ក និង ការប្រកួតទេព កោសល្យផ្នែកវិទ្យាសាស្ត្រអាស៊ាន+៣ នៅប្រទេសហ្វីលីពិន ដើម្បីជាការលើកទឹកចិត្ត និង ផ្តល់កិត្តិយសជូនពួកគេ។

សូមរំលឹកថា នៅឆ្នាំ២០១៦នេះ សិស្សសាលាអន្តរជាតិហ្សាម៉ាន់ ២០រូប បានដណ្តើមបានមេដាយមាស ប្រាក់ និង សំរិទ្ធសរុប ២២ គ្រឿង ពីការប្រកួត Genius Olympiad នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និង ការប្រកួតទេពកោសល្យផ្នែកវិទ្យាសាស្ត្រអាស៊ាន+៣  នៅប្រទេសហ្វីលីពិន។

សិស្ស ដណ្តើមបានមេដាយពីការប្រកួត Genius Olympiad ២០១៦ រួមមាន៖ ឡោ ម៉ីឡាន អាន ពេជ្រសុវណ្ណធីតា គឹម ចន្ទជូហាន់  (មេដាយ មាស), ឌី គឹមហួ លឹម ស៊ុនលី ហេង វិមានរចនា នី សុខគៀង (មេដាយប្រាក់), ម៉ារ៉ា ដាល្យា លាង ភួងសម្ផស្ស ឌៀង សុខ ឃាង ប៉ូច រ័ត្ន វិចិត្រ គួ វួចលីន លឹម សៀកផេង សែ សុធីតា ម៉ិច សុភ័គសូនីតា ទុយ ពេជ្រវីដា ញឹម ខេមរារូហ្សា (មេដាយសំរិទ្ធ)។

សិស្ស ដណ្តើមបានមេដាយពីការប្រកួតទេពកោសល្យផ្នែកវិទ្យាសាស្រ្តអាស៊ាន+៣ រួមមាន៖ ជ័យ សិទ្ធិទិយ៉ា (មេដាយប្រាក់២) អ៉ឹម សុ ម៉ាវត្តី (មេដាយប្រាក់១ សំរិទ្ធ១) និង តែ អានណា (មេដាយប្រាក់ ១)។

កុលបុត្រ កុលធីតាខ្មែរ ដែលទទួលបានមេដាយទាំងនេះ ធ្លាប់បានបង្ហាញក្តីរំភើបរីករាយ និង ចាត់ទុកសមិទ្ធផលដែលពួកគេទទួលបាន  គឺជាកិត្តិយស និង ជាស្នាដៃដ៏ថ្លៃថ្លាមួយ ដែលពួកគេបានធ្វើសម្រាប់ប្រទេសកម្ពុជា ដែលជាមាតុភូមិ និង ជាកន្លែងផ្តល់កំណើតដល់ពួក គេ៕