(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានព្រមានជាថ្មីថា នឹងដាក់ក្រុមហ៊ុន ឬអ្នកធ្វើអាជីវកម្មធនធានរ៉ែទាំងឡាយណា ដែលបន្តល្មើសច្បាប់ និងបញ្ញតិរបស់ក្រសួង ទៅក្នុងបញ្ជីខ្មៅមួយ ដែលអាចនឹងត្រូវដកអាជ្ញាប័ណ្ណមិនអនុញ្ញាតឱ្យធ្វើអាជីវកម្មធនធានរ៉ែ អស់មួយជីវិត។

ការព្រមានជាថ្មីរបស់ លោក ស៊ុយ សែម បានធ្វើឡើងនៅក្នុងពិធីប្រជុំជាមួយ ក្រុមហ៊ុន និងអាជីវករប្រកបអាជីវកម្មខ្សាច់ និងប្រធានមន្ទីរ រ៉ែ និងថាមពលខេត្ត នៅតាមបណ្តោយទន្លេមេគង្គ និងទន្លេបាសាក់ មានមកពីភ្នំពេញ កណ្តាល ព្រៃវែង និងខេត្តកំពង់ចាម នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ ដើម្បីរំលឹកជាចុងក្រោយអំពីកាត្វកិច្ច និងការទទួលខុសត្រូវរបស់ពួកគេ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះ លោករដ្ឋមន្ត្រី ស៊ុយ សែម បានទទូចដល់ក្រុមហ៊ុន និងអាជីវករត្រូវអនុវត្តតាមលក្ខណ្ឌនានា ដែលមានចែងក្នុងអាជ្ញាប័ណ្ណ។ លោកបានរំលឹកនូវកិច្ច​ការមួយចំនួនជា​ចាំបាច់ដូចជា៖
ទី១. ត្រូវបោះពោងនិងថែទីតាំងនៃពោងទាំងដែលបានបោះ ហើយតាមនិយាមការដែលបានកំណត់
ទី២. ត្រូវធ្វើសកម្មភាពបូមខ្សាច់តែក្នុងទីតាំងដែលមានចែងក្នុងដែនអាជ្ញាប័ណ្ណ ទី៣.ត្រូវធ្វើសកម្មភាពពីម៉ោង ០៦៖០០​ព្រឹក ដល់ម៉ោង ០៦៖០០ល្ងាច
ទី៤. ត្រូវប្រើប្រាស់វិក្កយបត្រលក់របស់ក្រុមហ៊ុន ដោយមានបោះត្រាទទួលស្គាល់ដោយមន្ទីររ៉ែ និងថាមពលរាជធានីខេត្ត
ទី៥. ចំពោះមធ្យោបាយដឹកជញ្ជូនសាឡង់ត្រូវមាន ស្លាកលេខសំគាល់ បំពាក់ប្រព័ន្ធគ្រប់គ្រង GPS បិទសញ្ញា Logo ក្រុមហ៊ុន និងបិទអាជ្ញាប័ណ្ណ ចំពោះរថយន្ត ដែលដឹកផលិតផលរ៉ែ សំណង់ចេញ ពីការដ្ឋាន ឬដេប៉ូត្រូវអនុវត្តតាមសារាចរលេខ ០៣១០ រថ.អធរ.សរច ចុះថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៦ ដោយកំរិតការដឹកជញ្ជូនមិនលើលពីទំហំទ្រុង និងកម្រិតទម្ងន់ផ្ទុកតាមប្រភេទរថយន្ត និង ប្រភេទផ្លូវដឹកជញ្ជូនដោយត្រូវគ្របឲ្យជិតល្អ និងត្រូវជួយថែរក្សាផ្លូវជួសជុលជាប្រចាំ ស្រោចទឹកការពារធូលីហ៊ុយ និង
ទី៦. ត្រូវបង់សួយសារ និងកាត្វកិច្ចហិរញ្ញវត្ថុ តាមច្បាប់រដ្ឋកំណត់ ឲ្យបានគ្រប់ ចំនួន ដើម្បីជាប្រយោជន៍ជាតិ ប្រជាជន និងជាពិសេសសហគមន៍មូលដ្ឋាន ។

លោករដ្ឋមន្ត្រីបានថ្លែងថា ក្រុមហ៊ុន និងអាជីវករដែលធ្វើអាជីវកម្មល្មើសច្បាប់ ត្រូវផ្តន្ទាទោសតាមមាត្រា៣៥ នៃច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែ  ។

គួរបញ្ចាក់ថា កន្លងមកមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលដឹកនាំដោយ លោករដ្ឋលេខាធិការ ឌិត ទីណា តាមការចង្អុលបង្ហាញរបស់ លោករដ្ឋមន្ត្រី តែងបានចុះពិនិត្យ ណែនាំ និងចាត់វិធានការ​ផ្លូវច្បាប់ជាប្រចាំ លើករណីប្រតិបត្តិការការធ្វើអាជីវកម្មរ៉ែសំណង់ ទាំងការបូមខ្សាច់ និងការដឹកជញ្ជូន ធ្វើឲ្យបទល្មើសនៃការធ្វើអាជីវកម្មរ៉ែ សំណង់ មានការថយចុះយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ៕