(ភ្នំពេញ)៖ គណបក្សសង្គ្រោះជាតិ ប្រកាសគ្រោងរៀបចំការរៃអង្គាសប្រាក់ពីក្រៅប្រទេស នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ តាមរយៈការយក «សាសនា» ជាឧបករណ៍នៃពិធីស្មូមលុយ បែបរហេមរហាម និងដ៏អសីលធម៌នេះ។ ផែនការរៀបចំ «បុណ្យផ្កាប្រាក់សាមគ្គីឧបត្ថម្ភគណបក្សសង្គ្រោះជាតិ» គឺមាន កឹម សុខា ជាមេគំនិត ហើយអ្នកអនុវត្តគឺលោក សុន ឆ័យ។ មិនគួរ សុន ឆ័យ ដើរតាមគំនិតលីលានេះសោះ !?

ចំពោះប្រជាពលរដ្ឋខ្មែរ ជាពិសេសពុទ្ធបរិស័ទ ពេលឮការរៀបចំកម្មវិធីបែបនេះ គឺហួសចិត្តនឹងអំពើដែលមានចរិតជាន់ឈ្លីបំផ្លាញសាសនា ដូចអ្វីដែលពួកអសុរកាយបំផ្លាញព្រះពុទ្ធអង្គ និងដូចអ្វីដែលពួកទម្មិឡ ប៉ុលពត បំផ្លាញព្រះពុទ្ធសាសនា និងសាសនា ឯទៀតនៅកម្ពុជាកាលពីជាង៤០ឆ្នាំមុននេះដែរ។

ហេតុអ្វីបានជាក្បាលម៉ាស៊ីនគណបក្សមួយនេះ មានគំនិតអន់ថយបែបនេះ? ហេតុម្តេចក៏ចង់បានលុយពីប្រជាជនមិនស្កប់ស្កល់ ហើយរហូតហ៊ានយកសាសនាជាឧបករណ៍បែបនេះ? កន្លងមក គ្រាន់តែគម្រោងចង់បើកទូរទស្សន៍មួយ រៃលុយពីញើសឈាមប្រជាជនដោយឥតកេរ្តិ៍ខ្មាស់។ ល្មមចេះខ្មាសប្រជាជនហើយ!

ជាការកត់សំគាល់មកដល់ពេលនេះ គ្រប់តួអង្គកំពូលទាំងបី ដែលមានចែងក្នុងបាវនារបស់ប្រទេស៖ ជាតិ សាសនា ព្រះមហាក្សត្រ គឺគ្មាននៅសល់តួអង្គ ណាមួយដែល ក្រុមមេបក្សសង្គ្រោះជាតិ មិនធ្លាប់ប្រមាថនោះទេ។

ទី១៖ អំពីកិត្យានុភាពជាតិទាំងមូល៖ គឺត្រូវក្រុមនេះ យកទៅឲ្យជនបរទេសជាន់ឈ្លី បង្អាប់បង្អោនជាបន្តបន្ទាប់។ រៀងរាល់ក្រោយចាញ់ឆ្នោត ក្រុមនេះតែងបង្កើតលេសធ្វើបាតុកម្ម ដើម្បីតវ៉ាសុំអំណាច ។ ទោះបីបាតុកម្មនោះ នាំដល់ការបំបែកឆ្នាំងបាយកម្មករ ប៉ះពាល់ការប្រកបរបរចិញ្ចឹមជីវភាពប្រជាជន ឬត្រូវខូចសេដ្ឋកិច្ចជាតិក៏ដោយ ក៏ពួកគេមិនញញើតនឹងបំផ្លាញដែរ។ នេះជាចរិតល្ងិតល្ងង់ ដែល «ដុតផ្ទះប្រជាជន ដើម្បីស្ងោរពងមាន់មួយគ្រាប់»។ តែទោះយ៉ាងណា ទីបំផុតរាជរដ្ឋាភិបាល មិនបណ្តោយឲ្យអំពើល្ងង់ខ្លៅនេះ បំផ្លាញជាតិ និង ប្រជាជនកម្ពុជាបានទេ។

ទី២៖ អំពីសាសនា៖ ក្នុងរឿងអាស្រូវលោ្មភកាមគឺ កឹម សុខា ហ៊ានយកព្រះសង្ឃនៃព្រះពុទ្ធសាសនា យកមកបិទបាំងអំពើលាមករបស់ខ្លួនជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ ទីសក្ការៈនៃសាសនានៅខេត្តសៀមរាប ក៏ពួកនេះយកមកធ្វើជាឡប់ឡែបិទបាំងអំពើលាមករបស់ កឹម សុខា ដែរ។ ក្រោយមកទៀតឮថា ពួកគេគ្រោងយកទីសក្ការៈនៃវីរៈបុរសខ្មែរអ្នកតាឃ្លាំងមឿង នៅខេត្តពោធិ៍សាត់ ធ្វើពិធីលាបំណន់ទៀត តែក៏ត្រូវលប់វិញដោយគ្មានមូលហេតុ។ អំពើប្រមាថបិទបាំងរឿងអាសោចនេះ ព្រលឹងវីរៈបុរសមិនជួយប្រស់បានទេ គឺមានតែដាក់បណ្តាសារថែម។

ឥឡូវនេះ ប្រហែលជាយីហោគណបក្សប្រឆាំងមួយនេះលែងមានតម្លៃហើយ បានជាយកសាសនា ជាឧបករណ៍ដើម្បីរៃអង្គាសលុយពីប្រជាជន។ មុខរបរនយោបាយ គួរតែរៀនរស់បែបនយោបាយ កុំយកសាសនាមកប្រឡាក់ប្រឡូស ។ ប្រយ័ត្នបាបចុះនរក ! ហើយបើមិនចុះនរក៧ជាន់ ក៏ត្រូវបណ្តាសាររស់ក្នុងនរកលោកីយ៍ ៤ម៉ែត្រ៤ជ្រុងដែរ។

ខ្លឹមសារនៃទស្សនវិជ្ជាព្រះពុទ្ធសាសនាគឺ «លះបង់» ការឲ្យទាន និងការបរិច្ចាកទានទៅគេ។ ដូច្នេះ កឹម សុខា ក៏ដូចជាមនុស្សទាំងឡាយខ្លះក្នុងក្បាលម៉ាស៊ីន «សាងគ្រោះជាតិ» ដែលមានគំនិតសម្ភារៈនិយម ផ្ទះ លុយ ឡាន ស្រី កុំបន្តរស់បែបបញ្ញើក្អែក ឬជាសត្វឈ្លើងសង្គមបែបនេះ!

ទី៣៖ អំពីព្រះមហាក្សត្រ៖ អ្នកណាៗក៏ដឹងថា មេបក្សសង្គ្រោះជាតិ មិនដែលគោរពព្រះមហាក្រត្សម្តងណាទេ ។ ការមិនគោរពព្រះមហាក្សត្រនេះ គឺមានតាំងពីជំនាន់ឪពុកមេបក្សនេះទៅទៀត។ ម្ល៉ោះហើយការធ្វើញត្តិថ្វាយព្រះមហាក្សត្រ ឬលេសផ្សេងទៀត គឺដើម្បីជាខែលបិទបាំងរឿងអាស្រូវ របស់បុគ្គលប៉ុណ្ណោះ។ នេះពិតជា «ថ្លើមធំ» ហ៊ានយកស្ថាប័នកំពូលរបស់ជាតិ ជាពិសេស តួអង្គព្រះមហាក្សត្រ មកបន្លំក្នុងអំពើលាមករបស់បុគ្គល។

ព្រះពុទ្ធបានសម្តែងហើយថា ជនទាំងឡាយណាដែលបំផ្លាញសាសនា គឺត្រូវធ្លាក់នរកអានន្តរីយកម្ម ! ជនណាដែលកេងបន្លំបោកប្រាស់ប្រជាជន គឺកម្មពារនឹងតាមផ្តន្ទារ ហើយនឹងត្រូវរស់ក្នុងនរកលោកីយ៍ ៤ម៉ែត្រ៤ជ្រុង ដូចករណីអ្នកខ្លះដែលឃើញជាក់ស្តែងស្រាប់៕

ដោយ៖ សេនាជាតិ