(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបើកសន្និសីទជនមាន​ពិការ​ភាព​ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើង​នៅ​សណ្ឋាគារសុខាភ្នំពេញ។

សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបាន ប្រារព្ធឡើង​ចំនួន៤លើករួចមកហើយ ដែលលើកទី១ នៅប្រទេសថៃ ក្នុងឆ្នាំ ២០០៩, លើកទី២ នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១២, លើកទី៣ នៅប្រទេស ជប៉ុន ក្នុងឆ្នាំ២០១៥ និងលើកទី៤ នៅប្រទេសម៉ុងហ្គោលីក្នុងឆ្នាំ២០១៩ ដែល​កាលនោះ សន្និសីទ បានឯកភាពសម្រេចស្នើសុំកម្ពុជា​ធ្វើជាម្ចាស់ផ្ទះរៀបចំ​សន្និ​សីទលើកទី៥នេះ ដោយមានកិច្ចសហការរួមគ្នាជាមួយបណ្តាញការងារស្តារ​លទ្ធ​ភាពពលកម្មអាស៊ីប៉ាស៊ីហ្វិក។

សន្និសីទនេះនឹងធ្វើការជជែកពិភាក្សាលម្អិតអំពីបញ្ហាប្រឈម និងកាលានុវត្តភាព​លើវិស័យពិការភាព ដែលបានជួបប្រទះកន្លងមក សំដៅដោះស្រាយរួមគ្នា តាម​រយៈការចែករំលែកបទពិសោធន៍ល្អៗ របស់វាគ្មិនមកពីបណ្តាប្រទេសនានា សំដៅ​កសាងផែនការអនាគតមួយប្រកបដោយទំនុកចិត្ត និងមាននិរន្តរភាព។

សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី៥ ស្តីពីការ​អភិវឌ្ឍ​សហគមន៍តាមបែបបរិយាបន្ន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការពង្រឹងការផ្តល់ភាពអង់អាចផ្នែកសង្គមនិងសេដ្ឋកិច្ចរបស់ជនមានពិការភាព ក្នុងអំឡុងនិងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការអភិវឌ្ឍតាមបែបបរិយាបន្ននៅសហគមន៍»

សន្និសីទនេះមានគោលបំណង ជំរុញការធ្វើបរិយាបន្នសេដ្ឋកិច្ចរបស់ជនមានពិការភាពនៅក្នុងតំបន់, លើកកម្ពស់សុខុមាលភាពសង្គមនិងកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព, ពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូគ្រប់ភាគីពាក់ព័ន្ធសំដៅបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍ នៅតាមសហគមន៍តាមបែបបរិយាបន្ន, ចែករំលែកបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ក្នុងការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ក្នុងអំឡុងពេលនិងក្រោយពេលការរាតត្បាតនៃជំងឺកូវីដ-១៩។

សន្និសីទនេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃពុធ ទី១៥ រហូតដល់ថ្ងៃសុក្រ ទី១៧ ខែមីនា។ អង្គសន្និសីទនេះ មានអ្នកចូលរួមប្រមាណ ៧០០នាក់ ដែលជាឥស្សរជន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងពាក់ព័ន្ធមកពីតាមក្រសួង ស្ថាប័ននានា។

បន្ទាប់ពីសន្និសីទនេះទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារំពឹងថា សេចក្តីថ្លៃថ្នូរនិងសិទ្ធិរបស់ជនមានពិការភាពនឹងត្រូវបានលើកកម្ពស់ ស្របតាមពាក្យស្លោករបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពពិភពលោកដែលបានលើកឡើងថា «គ្មាននរណាម្នាក់ត្រូវបានទុកចោល» តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ ពាក់ព័ន្ធនឹងការងារពិការភាព។ ជាពិសេសនឹង បង្កើតឱកាសទំនាក់ទំនងរវាងជនមានពិការភាពកម្ពុជានិងជនមានពិការភាពនៅក្រៅប្រទេស៕