(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាសរុប ២០៩,១៩៧ដុល្លារ ដល់ស្ថាប័នទទួលជំនួយចំនួន២ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) សម្រាប់ការសាងសង់ស្ពាន និងការពង្រឹងខ្សែចង្វាក់តម្លៃមាន់ស្រែខ្មែរ។

កិច្ចសន្យាផ្ដល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំងពីរ។

គម្រោងទាំងពីរនោះរួមមាន៖

ទី១៖ គម្រោងសាងសង់ស្ពានក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ថវិកាចំនួន ១០០,៣៩៤ ដុល្លារអាមេរិក)
សា្ថប័នទទូលជំនួយ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ

ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើបច្ចុប្បន្ន ដែលពុកផុយ។ ក្នុងរដូវវស្សា ប្រជាជនមិនអាចឆ្លងកាត់ស្ពាននេះបានទេ ហើយពួកគេត្រូវរង់ចាំរហូតដល់ទឹកស្រកវិញ។ បន្ថែមពីនេះ យានយន្តមិនអាចឆ្លងកាត់ស្ពាននេះបានទេ ហើយត្រូវរង់ចាំយូរនៅពេលមានចរាចរណ៍ច្រើន។ យើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋាន
ជាង ១៣,០០០នាក់ តាមរយៈការសម្រួលដល់ការដឹកជញ្ជូនកសិផល ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្ស និងប្រជាជន ទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុត ពេញមួយឆ្នាំ។ គម្រោងនេះមានគោលបំណងរួមចំណែកក្នុងការកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាជននិងបង្កើនប្រាក់ចំណូលកសិកម្មតាមគ្រួសារ។

ទី២៖ គម្រោងពង្រឹងខ្សែចង្វាក់តម្លៃផលិតកម្មមាន់ស្រែខ្មែរ ក្នុងខេត្តចំនួនពីរ នៃប្រទេសកម្ពុជា (ថវិកាចំនួន ១០៨,៨០៣ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការហេហ្វឺអន្តរជាតិកម្ពុជា

ក្នុងគម្រោងនេះបរិក្ខារចិញ្ចឹមមាន់នឹងត្រូវបានដំឡើង និងជួសជុលសម្រាប់កសិករចិញ្ចឹមមាន់ចំនួន ១៧នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប។ អ្នកទទួលផលផ្ទាល់ទាំងនេះ ក៏នឹងទទួលបានជំនួយបច្ចេកទេសពីអង្គការហេហ្វឺអន្តរជាតិកម្ពុជា និងសហគមន៍កសិកម្មផងដែរ។ ជំនាញ និងចំណេះដឹងដែលទទួលបាននឹងត្រូវបានចែករំលែកទៅសមាជិកសហគមន៍កសិកម្មផ្សេងទៀត ហើយប្រាក់ចំណូលមួយផ្នែកដែលទទួលបាននៅក្នុងគម្រោងនេះនឹងត្រូវបានចំណាយដើម្បីសាងសង់បរិក្ខារចិញ្ចឹមមាន់បន្ថែមទៀត។

ជាលទ្ធផល សមាជិកសហគមន៍កសិកម្មសរុបចំនួន ៥៦នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង និង ២២៧នាក់ នៅក្នុងខេត្តសៀមរាប នឹងទទួលបានចំណេះដឹងអំពីបច្ចេកទេសចិញ្ចឹមមាន់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការអនុវត្តអនាម័យ ព្រមទាំងជំនាញគ្រប់គ្រងផងដែរ។ តាមរយៈការពង្រឹងខ្សែចង្វាក់តម្លៃផលិតកម្មមាន់ យើងរំពឹងថាប្រាក់ចំណូលរបស់កសិករនឹងកើនឡើង។

ជំនួយឥតសំណងគូសាណូណរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះមានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។

ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦៦លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៧០៥គម្រោង នៅទូទាំងប្រទេសកម្ពុជា៕