(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃមកនេះ ក្រុមសហជីពដែលតំណាងកម្មករកាត់ដេរនៅកម្ពុជា កំពុងពិភាក្សាជាលក្ខណៈផ្ទៃក្នុងរៀងៗខ្លួន ដើម្បីសិក្សានិងស្វែងរកតួលេខប្រាក់ឈ្នួលមួយ សម្រាប់ដាក់បញ្ចូលទៅក្នុងកិច្ចចរចាប្រាក់ឈ្នួលរវាងភាគីពាក់ព័ន្ធ ដែលមានជាបន្តបន្ទាប់ នាពេលខាងមុខនេះ។ នេះបើតាម លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា CCAWDU។

ប៉ុន្តែទោះជាយ៉ាងណា លោក អាត់ ធន់ ប្រធានសហជីពដែលតាំងបង្ហាញពីគំនិតប្រឆាំងមួយនេះ បានអះអាងថា រហូតដល់ពេលនេះ ខាងសហជីពមិនទាន់មានការឯកភាព ក្នុងការកំណត់តួលេខមួយច្បាស់លាស់ ជាលក្ខណៈតួលេខរួម នៅឡើយទេ។

ក្នុងសន្និសិទថ្នាក់ជាតិស្ដីពីទំនាក់ទំនងវិជ្ជាជីវៈលើកទី៧ នាសណ្ឋាគាររ៉ាហ្វល ឡឺ រ៉ូយ៉ាល់ លោក អាត់ ធន់ បានឱ្យដឹងថា ខាងសហជីពរបស់លោក បានបើកការសិក្សាឯករាជ្យមួយ និងពិភាក្សាជាមួយបណ្ដាសហជីពអន្តរជាតិ រយៈពេល៣ថ្ងៃនេះ (០៤-០៦ ខែកក្កដា) ដើម្បីរៀបចំជាយុទ្ធសាស្រ្តក្នុងការយកទៅជជែកជាមួយបណ្ដានិយោជក ហើយចំពោះតួលេខជាក់លាក់យ៉ាងណានោះ ខាងលោកនឹងផ្គូរផ្គងពីតួលេខឆ្នាំចាស់នឹងតួលេខដែលបានពីការស្រាវជ្រាវ យកទៅសម្រេចជាក្រុមក្នុងការពិភាក្សាផ្ទៃក្នុង ដើម្បីយកទៅពិភាក្សាបន្តជាមួយនិយោជកជាទ្វេភាគី និងយកទៅសម្រេចជាមួយរដ្ឋាភិបាល ក្នុងកិច្ចពិភាក្សាត្រីភាគីបន្តទៀត នៅដើមខែតុលា ឆ្នាំ២០១៦។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៣មក រហូតដល់ឆ្នាំនេះ ប្រាក់ខែរបស់កម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ត្រូវបានដំឡើងជាបន្តបន្ទាប់។ នៅក្នុងឆ្នាំ២០១៦នេះ ប្រាក់ខែកម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បានឡើងពី១២៨ដុល្លារ ដល់១៤០ដុល្លារ ខណៈដែលរាជរដ្ឋាភិបាលបានដាក់គោលនយោបាយ នឹងដំឡើងជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០១៨៕