(កំពង់ចាម)៖ លោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី រួមទាំងក្រុមការងារ និងប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានទញ្ជើញរាប់បាត ប្រគេនដល់ព្រះសង្ឃ តាជី យាយជីសរុប ១១២អង្គ/នាក់ នាឱកាសពិធីបុណ្យវគ្គធុតង្គវិបស្សនាកម្មដ្ឋាន ដែលបានធ្វើឡើងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ និងគម្រប់ខួប ៣១ឆ្នាំ ជូនលោកតា រស់ ឈុន នៅវត្តជោតពន្ដ ហៅវត្តត្រី ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។

នាឱកាសនោះលោក ហាស់ វ៉ារី និងលោកស្រី ព្រមទាំងសហការី ក៏បានចូលរួមបច្ច័យកសាងនូវសម្ធិផលក្នុងវត្តជោតពន្ដ ចំនួន ៧០០ដុល្លារ និងបានចែកជូនថវិកាដល់លោកតា លោកយាយ និងប្រជាការពារភូមិក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០ ០០០រៀលផងដែរ។

សូមបញ្ជាក់ដែរថា អត្ថន័យនៃពិធីបុណ្យសមាទានធុតង្គ សមាធិ និងវិបស្សនាកម្មដ្ឋានមានដូចជា៖ ធុតង្គ គឺអង្គរបស់បុគ្គលអ្នកកំចាត់កិលេស ឬថាជាធម្មជាតិ មានញាណសម្រាប់កំចាត់បង់នូវកិលេស។ ន័យមួយទៀតថា អង្គនៃសេចក្តីប្រតិបត្តិសម្រាប់កំចាត់បង់នូវធម៌ជាសត្រូវ។ បុគ្គលអ្នកមានសទ្ធា ប្រព្រឹត្តធុតង្គហើយចំរើនកម្មដ្ឋានផងក៏បាន ឬមានសទ្ធាត្រឹមតែរក្សាសីល ចំរើនកម្មដ្ឋានក៏បាន តែបើមានសេចក្តីនឿយណាយក្នុងខន្ធ៥ ដែលប្រកបដោយមហាទុក្ខគ្រប់យ៉ាង ក៏គួរប្រព្រឹត្តធុតង្គផង ចំរើនកម្មដ្ឋានផង ព្រោះជាកិច្ចប្រតិបត្តិមួយនាំមកនូវសេចក្តីចំរើននៃសីលដ៏បរិសុទ្ធផង, ជាកិច្ចប្រតិបត្តិយ៉ាងហ្មត់ហ្មងក្នុងការលះបង់កិលេសផង ជាកិច្ចប្រតិបត្តិក្នុងការត្រាស់ដឹងនូវលោកុត្តរធម៌យ៉ាងឆាប់រហ័សផង ហើយជាកិច្ចមួយដើម្បីរក្សាទុកនូវវត្តដ៏ប្រសើររបស់ព្រះអរិយបុគ្គលទាំងឡាយ មានព្រះពុទ្ធជាដើមផង។

វិបស្សនា លេចចេញមកពីពាក្យ បស្ស គឺ ក្រឡេកមើល ពិនិត្យមើល និងពាក្យ វិ គឺ តាមរបៀបពិសេស។ នោះមានន័យថា ពិនិត្យមើលខ្លួនឯងតាមរបៀបពិសេសគ្រប់ជ្រុងជ្រោយ។ ជាបច្ចេកទេសដែលជម្រះចិត្តឲ្យបរិសុទ្ធ ដោយបំបាត់ចោលនូវអកុសលធម៌ទាំងឡាយ ដូចជាកំហឹង ការស្អប់ខ្ពើម លោភៈ អញនិយម។ល។ ដោយពិនិត្យមើលខ្លួនឯងតាមវិបស្សនាញាណ។ វិបស្សនាកម្មដ្ឋាន ជាការធ្វើសមាធិ ឬការបំពេញភាវនាដើម្បីឲ្យកើតបញ្ញា។

ក្នុងន័យនេះ វិបស្សនាកម្មដ្ឋាន មានគោលបំណងឆ្ពោះទៅរកគោលដៅផ្លូវចិត្តយ៉ាងខ្ពស់បំផុតនៃការរំដោះទុក្ខ និងការត្រាស់ដឹងពេញបរិបូណ៌។ គោលដៅរបស់វិបស្សនា គឺមិនមែនសម្រាប់ព្យាបាលជំងឺផ្លូវកាយឲ្យបានជាសះស្បើយទេ។ ប៉ុន្តែដោយសារលទ្ធផលបន្ទាប់បន្សំដែលកើតមកពីការធ្វើចិត្តឲ្យបរិសុទ្ធផូរផង់នោះ ជំងឺផ្លូវចិត្ត និងផ្លូវកាយជាច្រើនណាស់ដែលបានជាសះស្បើយដាច់ឫសគល់ឣស់។ តាមការពិត វិបស្សនា គឺប្រាកដជារំលាយហេតុ បីយ៉ាងនៃសេចក្តីទុក្ខទាំងឣស់បាន ពោលគឺ៖ លោភ: ទោស: និងមោហ:។ ដោយសារ ការបដិបត្តិយ៉ាងជាប់ជានិច្ច សមាធិ នឹងជួយបន្ធូរបន្ថយភាពតានតឹងដែលចេះតែមាននៅក្នុងការរស់នៅរាល់ថ្ងៃ ហើយជួយស្រាយចំណងដែលកើតឡើងដោយសារទម្លាប់ចាស់ដែលចេះតែនាំចិត្តឲ្យធ្វើប្រតិកម្មតបនឹងស្ថានភាព ជាទីរីករាយ និងជាទីមិនរីករាយ៕