(កំពង់ស្ពឺ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លោកឧត្តមសេនីយ៍ត្រី Tony McCormack មេបញ្ជាការអូស្ត្រាលី នៃកម្មវិធី Indo-Pacific Endeavour 2023 (IPE-23) បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលី មានឆន្ទៈ និងរីករាយពង្រីកកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លើវិស័យរក្សាសន្តិភាព។

ជំនួបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានហ្វឹកហ្វឺន​ឧត្តុង្គ ខេត្តកំពង់ស្ពឺ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានស្នើសុំភាគីអូស្ត្រាលី បណ្តុះបណ្តាលវគ្គជំនាញខ្លីៗលើផ្នែករក្សាសន្តិភាព, កំទេចគ្រាប់មិនទាន់ផ្ទុះ​ ការបណ្តុះបណ្តាលកងនគរបាល និងសូមឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងប្រទេសទាំងពីរលេីវិស័យរក្សាសន្តិភាព។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានស្នើសុំឱ្យឧបត្ថម្ភម៉ាស៉ីនរាវមីន, សម្ភារសម្រាប់បង្រៀនផ្នែកសង្គ្រោះគ្រោះមហន្តរាយ និងសម្ភារផ្សេងៗទៀត ទៅតាមលទ្ធភាពជាក់ស្តែង។

ជាការឆ្លើយតប ឧត្តមសេនីយ៍ត្រី Tony McCormack បានទទួលយកសំណូមពររបស់កម្ពុជា ហើយលោកនឹងពាំនាំសំណើរនេះជម្រាបជូនដល់ថ្នាក់លើរបស់ខ្លួន។

ឧត្តមសេនីយ៍ត្រី Tony McCormack បានបន្តថា លោកនឹងសហការជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ផ្នែកយេនឌ័រ និងវគ្គខ្លីៗដោយផ្តោតទៅលើវិស័យរក្សាសន្តិភាព។

លោកឧត្តមសេនីយ៍ត្រី Tony McCormack បានមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដើម្បីជួបពិភាក្សាការងារជាមួយនាយទាហានជាន់ខ្ពស់មួយចំនួននៃកងយោធពលខេមរភូមិន្ទ ស្តីពី សកម្មភាពរបស់ (IPE-23) ដែលអាចកើតមានខាងមុខក្នុងឆ្នាំ២០២៣នេះ៕