(បាដាក)៖ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកសន្ដិសុខជាតិរបស់អ៉ីរ៉ាក់ បានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារករណីបំផ្ទុះ​គ្រាប់បែក​អត្តឃាត ​នៅ​ផ្សារ​​មួយកន្លែង​ក្នុងទីក្រុងបាដាក បានកើនឡើងពី២១៥នាក់​ ខណៈដែលអ្នករបួសមានរាប់រយនាក់, នេះបើយោងតាមការចេញផ្សាយ Update របស់សារព័ត៌មាន CNN នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦។

នៅថ្ងៃចន្ទម្សិលមិញនេះ រដ្ឋាភិបាលអ៉ីរ៉ាក់ បានចេញសេចក្ដីប្រកាសកាន់​ទុក្ខចំនួន​៣ថ្ងៃ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធ​អ្នក​ដែលបានស្លាប់​នៅក្នុងហេតុការ​ដ៏អាក្រក់នេះ និងជាប្រវត្តិសាស្ត្រ ដែលជាទង្វើរបស់ក្រុមសកម្ម​ប្រយុទ្ធ ISIS។

គួរបញ្ជាក់ផងដែរថា ការបំផ្ទុះអត្តឃាត ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈ​ពេលប៉ុន្មានឆ្នាំមកនេះ បានកើតឡើងកាល​ពីយប់ថ្ងៃសៅរ៍ កន្លងទៅនេះ នៅសង្កាត់ Karrada ដែលក្នុងចំណោម​មនុស្ស​ស្លាប់ទាំងអស់មានចំនួន​ជាង២០០នាក់នោះ ក៏មានកុមារ និងស្ត្រី ជាច្រើននាក់ ស្រពពេលក្រុមគ្រួសារម៉ូស្លីមជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នាដើរកម្សាន្ត និងទិញ​ទំនិញនៅផ្សារ ខណៈដែល​បុណ្យរ៉ាម៉ាដាន់ នឹងត្រូវបញ្ចប់នោះ៕