(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ បាននឹងកំពុងពិនិត្យលទ្ធភាព ក្នុងការដំឡើងថ្លៃប័ណ្ណ ចូលទស្សនាតំបន់អង្គរ ដោយបានប្រគល់ភារកិច្ច ឲ្យក្រុមការងារអន្តរក្រសួង បើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ឈានដល់ការដាក់សំណើរ ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ទើបចេញផ្សាយតាម Facebook Page ផ្លូវការរបស់ក្រសួង នៅថ្ងៃទី០៥ ខែកក្កដានេះ។

បច្ចុប្បន្នបណ្ណ័ចូលទស្សនា រមណីយដ្ឋានអង្គរ ត្រូវបានកំណត់ជា ៣ប្រភេទ រួមមាន តម្លៃ២០ដុល្លារចូលទស្សនាបានមួយថ្ងៃ, ប័ណ្ណតម្លៃ៤០ដុល្លារ មានរយៈពេល១សប្តាហ៍ ចូលទស្សនាបាន៣ដង និងប័ណ្ណតម្លៃ ៦០ដុល្លារ មានរយៈពេល១ខែ ចូលទស្សនាបាន៧ដង។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ស្តីពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី១ លើកទី២ នៃគ្រឹះស្ថានអង្គរ បានបញ្ជាក់ទៀតថា នៅឆ្នាំ២០១៧ ខាងមុខក្រសួងបានដាក់ចេញផែនការបង្កើនចំណូល ពីការលក់ប័ណ្ណចូល ទស្សនាតំបន់អង្គរ ឲ្យកើនឡើង៥ភាគរយ ស្មើនឹងជាង ៦៦លានដុល្លារអាមេរិក។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានអនុឯកភាព លើគម្រូប័ណ្ណសម្រាប់ បោះពុម្ភលក់ជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរឆ្នាំ២០១៧ ដោយប័ណ្ណទស្សនាមួយថ្ងៃមានពណ៌ខៀវ ប័ណ្ណបីថ្ងៃមានពណ៌ ក្រហម និងប័ណ្ណ៧ថ្ងៃមានពណ៌ប្រផេះ។

សូមជម្រាបថា បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នៅឆមាសទី១ ឆ្នាំ២០១៦ មានភ្ញៀវទេសចរបរទេសចំនួន ១,០៩២,០៥៥នាក់ បានទិញប័ណ្ណចូលទស្សនាតំបន់អង្គរ ដែលទទួលបានទឹកប្រាក់ សរុបចំនួន ៣១,២៧១,៧០០ដុល្លារ៕

ព័ត៌មានលម្អិតសូមអាន សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ចទាំងស្រុង៖